សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនលោកស្រី វឿន សារឿង គ្រួសារក្រីក្រស្ត្រីមេម៉ាយកូនច្រើន
(បន្ទាយមានជ័យ)៖ដោយពិនិត្យមើលឃើញពីភាពលំបាក គ្មានផ្ទះសំបែងត្រឹមត្រូវ របស់គ្រួសារឈ្មោះ វឿន សារឿង អាយុ៤០ឆ្នាំ មិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើកូនៗ ធ្វើកម្មករនិងដោយមានសមាជិករស់នៅអចិន្ត្រៃយ៍ក្នុងបន្ទប់ចំនួន ៦នាក់ ស្រី៥នាក់ក្នុងនោះលោកស្រី ក៏មានជំងឺប្រចាំកាយថែមទៀត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក៏បានសម្រេច ផ្ដើមរកជាងដើម្បីម៉ៅការសាងសង់ផ្ទះថ្មី ១ ខ្នងមានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែក (S) ប្រក់ស័ង្កសីជញ្ជាំងស័ង្កសី បានចាក់សាបស៊ីម៉ង់ផ្ទាល់ដីនិងបានសាងសង់បង្គន់អនាម័យមួយខ្នង សរុបចំណាយថវិកាអស់ ២៤៩៧,១០ ដុល្លារសហរដ្ឋអាមេរិច មូលនិធិសាខាកាកបាទក្រហម ១០០%។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពិធីប្រគល់ផ្ទះថ្មីព្រមទាំងផ្ដល់នូវសម្ភារៈអំណោយមនុស្សធម៌បន្ថែមនាថ្ងៃនេះ គឺជាផ្ទះនិងអំណោយមនុស្សធម៌លើកទី ៨ ដែលមានលក្ខណៈសមរម្យ រឹងមាំជាប្រភេទផ្ទះតៀម អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ក្នុងការស្នាក់នៅប្រចាំថ្ងៃហើយការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រក ស្នាក់នៅនេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំ។
ក្នុងនាមសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានរួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តបរិច្ចាគធនធានថវិកា សម្ភារៈចូលរួមគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ធ្វើឱ្យសាខាមានលទ្ធភាពជួយដល់ជនរងគ្រោះ ងាយរងគ្រោះទីទាល់ក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា។ ដែលត្រូវការជំនួយពីកាកបាទក្រហមជូនដល់ពួកគាត់បានធូរស្រាលពីការលំបាក ជាក់ស្ដែងជូនគ្រួសារលោកស្រី វឿន សារឿង នាពេលនេះ។
បន្ទាប់ពីពិធីប្រគល់ផ្ទះសាខាកាកបាទក្រហម បានផ្ដល់អំណោយមនុស្សធម៌បន្ថែមរួមមាន អង្ករ ៥០ គីឡូក្រាម ត្រីខ ២យួរ មី ២កេសតូច ទឹកត្រី ១យួរ មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ២ តង់ប្លាស្ទីក ១ផ្ទាំង ធុងទឹកជ័រ ៦០ លីត្រ ១ កន្ទេលជ័រ ១ ឆ្នាំង ២ ចាន ៥ ស្លាបព្រា ៥។ ក្នុងនោះផងដែរឯកឧត្តម លោកជំទាវ បានផ្ដល់នូវអំណោយដល់លោកតាលោកយាយ ចូលរួមម្នាក់ៗទទួលបាន សារុង ១ ក្រមា ១ និងអាវយឺត ២ ផងដែរ ៕