លោក លី សុវណ្ណ ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្ស ក្រុងកំពង់ចាម ជំនួសលោក ចាន់ ផល្លី អតីតប្រធានគណបក្សក្រុង ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី
(កំពង់ចាម)៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម បានធ្វើពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល –ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ឯកឧត្តម អ៊ិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណបក្សក្រុង សង្កាត់ –ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង សង្កាត់ –ប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនផងដែរ។
យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លេខ ២៤៧/០៥២២/ សស.គក ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានសម្រេចតែងតាំង និងផ្ទេរភារកិច្ចលោក លី សុវណ្ណ អនុប្រធានគណបក្ស ក្រុងកំពង់ចាម ពីអនុប្រធានគណបក្សក្រុងកំពង់ចាម ជាប្រធានគណបក្ស ក្រុងកំពង់ចាម ជំនួសលោក ចាន់ ផល្លី អតីតប្រធានគណបក្សក្រុង ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ៕