ក្មេងស្រី០២នាក់ ជិះទូកក្រឡាប់ក្នុងអាងពន្លៃ ស្រុកភ្នំស្រុក បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអធម
(បន្ទាយមានជ័យ)៖ក្មេងចំនួន៧នាក់ នាំគ្នាជិះទូកត្នោតលេងនៅទឹកអាងពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រឡាប់បណ្តាលឲ្យ២នាក់ដែលមិនចេះហែលទឹកលង់ស្លាប់យ៉ាងអាណោចអធម កាលពីម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បង្កការភ្ញាក់ផ្អើល។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ក្មេងរងគ្រោះទាំង០២នាក់ដែលបានស្លាប់នោះមានឈ្មោះជួប សុជាតា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាន ឡាលីន ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ។
លោកវរសេនីយ៍ទោ អធិការនគរបាលស្រុកភ្នំស្រុក បន្តថា មុនកើតហេតុជនរងគ្រោះមានគ្នីគ្នា៧នាក់ បានជិៈរថយន្ត១គ្រឿង ចេញពីទីរួមស្រុក ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹក បណ្តាលឲ្យលង់ទឹកស្លាប់ចំនួន២នាក់ ដែលមិនចេះហែល ចំណែក០៥នាក់ទៀតចេះហែលបានរួចពីការស្លាប់។ក្រោយពីកើតហេតុភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសព ឃើញថា ក្មេងទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពីពិនិត្យសព បានប្រល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕