លោកជំទាវ បាន ស្រីមុំ សុំឲ្យភាគីថៃជួយសម្របសម្រួល ជូនដល់ពលករ អាជីវករខ្មែរ ដែលត្រូវចូលធ្វើការងារ និងទិញ -លក់ ក្នុងផ្សាណាត់ក្នុងខេត្តជាប់ព្រំដែន
(ប៉ៃលិន)៖នៅសាលាខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គណៈប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចាន់ថៈបូរី ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាការបង្ហាញពី ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន នឹងគ្នាជាពិសេស ពិភាក្សាការងារ ក្នុងការសម្របសម្រួលនិងនីតិវិធីជូនដល់ពលករ អាជីវករ ខ្មែរ ដែលត្រូវចូលធ្វើការងារ និងការទិញ –លក់ ក្នុងផ្សាណាត់នៅក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ។
លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់សមភាគីថៃ បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ–១៩ បញ្ហាពលករឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសឆ្លងដែននានា ការធ្វើពាណិជ្ជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។
ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល បានកោតសរសើរ ដល់រដ្ឋបាលខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានខិតខំរឹតចំណងសាមគ្គីភាពមិត្តភាពដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងភាពស្មោះត្រង់។
ជាការឆ្លើយតប ឯកឧត្តម Suthee Thongyam អភិបាលខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហាមួយចំនួនទៀត ឯកឧត្តមបានសន្យាថា នឹងនាំយកនូវរាល់សំណូមពរ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំដើម្បីរកលទ្ធភាព និង ដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង៕