ល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅទល់មុខវិទ្យាល័យសម្តេចក្រុមព្រះ ឃុំត្រាំកក់ កំពុងបង្វក់គ្រូបង្រៀន និងសិស្សសាលា សមត្ថកិច្ចគ្មានចំណាត់ការ
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ កំពុងពេញនិយមជាខ្លាំងនៅក្នុងទឹកដីស្រុកត្រាំកក់ ពិសេសកំពុងបង្វក់គ្រូបង្រៀន និងសិស្សានុសិស្ស ខណៈល្បែងស៊ីសងប្រភេទនេះ កំពុងបើឲ្យលេងយ៉ាងកគ្រឹកកគ្រេងនៅទល់មុខសាលាវិទ្យាល័យសម្តេចក្រុមព្រះ ស្ថិតនៅក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សមត្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងប់ស្ងាត់ ។
ជុំវិញការបើកឲ្យមានល្បែងស៊ីសងនៅពីមុខសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលអប់រំធនធានមនុស្សនេះដែរ ភ្នាក់ងារអង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ បានខលទូស័ព្ទរាយការណ៍ជូនលោកនាយប៉ុស្តិ៍នៅមូលដ្ឋាន លោកប្រាប់ថា លោកបានប្រាប់ឲ្យម្ចាស់ទីតាំងខាងលើឲ្យបិតរួចហើយ តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែម្ចាស់ទីតាំងខាងលើមិនដឹងបានលេខទូរស័ព្ទពីណានោះទេខលមកសុំសំរួលទៅវិញ។ទោះយ៉ាងនេះក្តីទីតាំងខាងលើនេះ តាមសេចក្តីរាយការណ៍រហូតមកដល់ពេលនេះ មិនទាន់បិតនៅឡើយទេហើយក៏មិនទាន់មានចំណាត់ការតាមផ្លូវច្បាប់ស្តីអំពីការបង្ក្រាបស៊ីសងពីកម្លាំងសមត្ថកិច្ចនៅឡើយទេ រហូតមកដល់ពេលនេះ។ដូច្នេះសង្ឃឹមថាលោកអធិការស្រុកត្រាំកក់ នឹងមានចំណាត់ការទៅលើល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។ព្រោះថា មានល្បែងស៊ីសង តែងតែកើតមានឡើងនូវបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ប្រើប្រាសគ្រឿងញៀន ព្រោះមានប្រជាពលរដ្ឋខ្លះចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លី ជំពាក់បំណុលគេជុំទិស បង្កជាបញ្ហាអសន្តិសុខសង្គមជាដើម ទាំងនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាចទៀតផង៕មានវគ្គបន្ត ដោយ ៖ លោក ផូង បញ្ញា