ឆក់ខ្សែភ្លើង នៅកញ្ចុះអាងអូរខៃដន ធ្លាក់ចូលក្នុងទឹក បណ្តាលឲ្យស្លាប់២នាក់ គិតមកដល់ល្ងាចថ្ងៃខែដដែលរកឃើញសាកសពម្នាក់ ឯម្នាក់ទៀតសមត្ថកិច្ចចំរុះកំពុងរាវរក
(បន្ទាយមានជ័យ)៖ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់កញ្ចុះ តខ្សែភ្លើងគ្មានស្តង់ដា បណ្តាលឲ្យបុរស១នាក់ ឆក់ខ្សែភ្លើងធ្លាក់ចូលក្នុងទឹកអាងអូរខៃដន និង១នាក់ទៀតរត់ទៅជួយក៏ស្រាប់តែឆក់បន្ត លង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចកញ្ចុះអូរខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចចំរុះក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគម ដោយប្រើឧបករណ៍រាវរកសាកសពរយះពេលជាច្រើនម៉ោងផងដែរ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកហូបអាហារ នៅកញ្ចុះកើតហេតុខាងលើមានគ្នាចំនួន០៧នាក់ ស្រី០៤នាក់ ។ក្រោយមកជនរងគ្រោះបានចេញមកក្រៅកញ្ចុះហើយ ក៏បានចាប់បង្កាន់ដៃដែកសណ្ដូកជើងចុះក្នុងទឹក ក៏ស្រាប់តែត្រូវបានភ្លើងឆក់តែម្ដង ។ក្រោយមកមានសមាជិកម្នាក់របស់ជនរងគ្រោះថា បានឃើញស្មានតែជនរងគ្រោះធ្វើកាយវិការលេងសើច ក៏បានចេញមកក្រៅកញ្ចុះចាប់បង្កាន់ដៃដែកនោះដែរ រួចយកដៃម្ខាងទៀតបាចទឹកក៏ត្រូវភ្លើងឆក់ផងដែរ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ រួចគាត់ក៏បានហៅឲ្យគេជួយ។ភ្លាមនោះក៏ស្រាប់តែមានជនរងគ្រោះម្នាក់ទៀតឈ្មោះ សែម លឹមហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលនៅកញ្ចុះជិតខាង បានស្ទុះរត់ទៅជួយ រួចក៏ត្រូវបានឆក់ផងដែរ ក្រោយមកជនរងគ្រោះឈ្មោះ សែម លឹមហៀង បានងើបមកលើផ្ទៃទឹក រួចបានស្រែកប្រាប់ថាឲ្យបិទគុបខ្សែភ្លើង ប៉ុន្តែពុំមាននរណាម្នាក់បានស្គាល់ពីប្រភពនៃខ្សែភ្លើងដែលតចេញទៅកញ្ចុះនោះឡើយ ក៏បណ្ដាលឱ្យឆក់រួចលិចចូលទៅក្នុងទឹកទាំង០២នាក់ស្លាប់តែម្ត។
សូមបញ្ជាក់ផងដែរថា ការខិតខំប្រឹងប្រែងរាវរកសាកសពជនរងគ្រោះ របស់កម្លាំងសមត្ថកិច្ចរយះពេលជាច្រើនម៉ោង គិតមកត្រឹមល្ងាចថ្ងៃដដែរ បានរកឃើញសាកសពជនរងគ្រោះម្នាក់ហើយដែលជាអ្នកទៅជួយ។តែទោះយ៉ាងនេះក្តីកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះដែលឆក់មុនគេម្នាក់ទៀតយ៉ាងសស្រាក់សស្រាំផងដែរ៕