មន្ត្រីអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដូង ២នាក់ បើកឆាកប្រយុទ្ធគ្នាហូរឈាមកក្លាក់ជោគអាវ បង្កការភ្ញាក់ផ្អើល
(បាត់ដំបង)៖មន្ត្រីអនុវត្តច្បាប់ ២រូប
នៅច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កំពុងធ្វើជាគំរូអាក្រក់ បើកឆាកប្រយុទ្ធគ្នាបង្កហិង្សា បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់បែកក្បាលហូរឈាមកក្លាក់ជោគអាវ ព្រោះតែជម្លោះពាក្យសំដីក្នុងពេលបំពេញការងារ។
បើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានដាក់ពាក្យបណ្តឹងប្តឹងលោកវរ:សេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក នៅទីតាំងប៉ុស្តិ៍យាមទ្រកទ្វារអន្តរជាតិដូងតែម្តង។
លោក វរ:សេនីយ៍ត្រី ហែម វិបូឡា បានឲ្យដឹងថា មុនកើតហេតុថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី លោក ហែម វិបូឡា បានយាមនៅច្រកទ្វារអន្តរជាតិដូង លុះដល់ម៉ោង២០:០០នាទី ឈ្មោះ ហេង គឹមស៊ាង ត្រូវមកប្តូរវេនយាមបន្តពីលោក ដោយឃើញឈ្មោះ ហេង គឹមស៊ាង មិនពាក់ឯកសណ្ឋាន លោក ហែម វិបូឡា ក៏បាននិយាយថា ធ្វើជានគរបាល ប៉ុន្តែមកបំពេញការងារ បែរជាមិនពាក់ឯកសណ្ឋាន។
លោក វរ:សេនីយ៍ត្រី ហែម វិបូឡា បន្តថា លុះព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦:៣០ នាទី រូបលោកកំពុងយាមនៅច្រកទ្វាអន្តរជាតិដូង ស្រាប់តែឃើញ លោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង ដើរសំដៅមករករូបលោក ហើយយកដំបងមកវាយលើរូបលោក បណ្តាលឲ្យបែកក្បាលអស់ ២ថ្នេរ និងចំចង្កាបណ្តាលឲ្យរងរបួសស្រោចឈាមពេញអាវ។
ជាមួយគ្នានោះលោកវរ:សេនីយ៍ត្រី ហែម វិបូឡា សំណូមពរឲ្យមានការចាត់វិធានការលើលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាងតាមនីតិវិធីច្បាប់៕