កិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការងាររៀបចំការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១
(បន្ទាយមានជ័យ)៖ដោយអនុលោមតាមអនុក្រិត្រា លេខ ៦៦ អនក្រ,បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ ស្ដីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងយោងលិខិតលេខ ០១២ ហសវ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះនៅសាលាខេត្តបន្ទាយមានជ័យ ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានបើកកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃ លើការរៀបចំ លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងតារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានអង្គភាព អភិបាល អភិបាលរងស្រុកក្រុង ព្រមទាំងលោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបប្រមាណជាង៣០០នាក់។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តនិងលោក សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបានមានប្រសាសន៍ថា ដោយអនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ ស្ដីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្ដីពីវិធាននិងនីតិវិធីនៃការធ្វើអនុបយោគ ទ្រព្យសម្បត្តិសាធារណៈរដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ៣០ បប. ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៧ ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងសារាចរលេខ ០៧ សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល និងតារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២១។
លោក បឹង គឹមសឹងបន្តថា បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាលក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលជារៀងរាល់ ៥ឆ្នាំម្ដង ឱ្យបានត្រឹមត្រូវគ្រប់ចំនួននិងចប់សព្វគ្រប់នៅក្នុងត្រីមាសទី១ នៃឆ្នាំបន្ទាប់ ប្រសិនបើមន្ទីរអង្គភាពណាមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវិធានការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ។ ទម្រង់ទី១ សៀវភៅបញ្ជីសារពើភណ្ឌ ត្រូវកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំម្ដងហៅថា “បញ្ជីសារពើភណ្ឌឆ្នាំគោល“។ តាមខ្ញុំដឹង មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ធ្លាប់បានធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោលនេះបានចំនួន៤ដងរួចមកហើយ គឺឆ្នាំ២០០៤ ឆ្នាំ២០០៩ ឆ្នាំ ២០១៤ និងឆ្នាំ២០១៩។ ទម្រង់ទី២ តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង–ថយចុះ កត់ត្រានូវការកើនឡើងនិងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល ៥ ឆ្នាំ នៃឆ្នាំគោលដោយអនុលោម តាមគំរូជាធរមានហៅថា “តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង–ថយចុះ“។
ជាចុងក្រោយលោក សុខ ធី មានប្រសាសន៍បន្ថែមថា ផ្អែកតាមអនុក្រឹត្យលេខ៦៦មាត្រា ២១ អាជ្ញាធរកាន់កាប់ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំងអស់ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដីខេត្ត៕