ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត និង លោកជំទាវ បានឧបត្ថម្ភ ស័ង្កសី ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកចំនួន២ និង១ក្រុង ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានចាត់តាំងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន ៧៩នាក់ រថយន្ត ៤គ្រឿង ភ្ជាប់ជាមួយឧបករណ៍សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការ ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ស្ថិតនៅក្នុងស្រុកចំនួន២ និង១ក្រុង (ស្រុកភ្នំស្រុក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដោយនាំយកអំណោយស័ង្កសី របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ សរុបចំនួន ២០ខ្នង ដោយករណីខាងលើបានកើតឡើងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០នាទី បណ្តាលឲ្យខូចខាត មាន៖
១-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខូចខាតសរុបចំនួន ១ខ្នង ប្រើប្រាស់កម្លាំង អន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន១០នាក់។
២-សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខូចខាតសរុបចំនួន ១៦ខ្នង (ខូចធ្ងន់៣ខ្នង) ប្រើប្រាស់កម្លាំង អន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន៤៥នាក់ ។
៣-ឃុំប៉ោយចា ស្រុកភ្នំស្រុក ខូចខាតសរុបចំនួន ៣ខ្នង ប្រើប្រាស់កម្លាំង អន្តរាគមន៍ ទីបញ្ជាការកងពល ចំនួន២៤នាក់។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី ជួយជួសជុល និង កសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូម ឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូណ៌ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button