មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣
(បន្ទាយមានជ័យ)៖ដើម្បីឲ្យមានប្រសិទ្ធភាពពិតប្រាកដ មន្ទីរស្ថាប័នគ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការគោរពច្បាប់ ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុ ច្បាប់ស្ដីពីរបបហិរញ្ញវត្ថុដទៃទៀតជាពិសេស ការអនុវត្តចំណាយ ត្រូវមានប្រសិទ្ធភាពចំទិសដៅអាទិភាព ពិតប្រាកដ មានភាពសន្សំសំចៃខ្ពស់។ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នឹងសារាចរណែនាំស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣–២០២៥ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំនាពេលនេះ គឺដើម្បីធានាឱ្យការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ ២០២៣–២០២៥ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលជាសេចក្ដីព្រាងច្បាប់ប្រចាំឆ្នាំ និងផែនការថវិការយៈពេលបីឆ្នាំរំកិលសម្រេចបានជោគជ័យ ដោយតម្រូវឲ្យក្រសួង–ស្ថាប័ន មន្ទីរជំនាញរាជធានី–ខេត្ត ត្រូវរៀបចំទៅតាមនីតិវិធីនៃដំណើរការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ។
លោក បឹង គឹមសឹងបន្តថា ឆ្នាំ២០២៣ ជាឆ្នាំចុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា និងក្នុងបរិបទ នៃការគិតគូរស្តារកំណើនសេដ្ឋកិច្ច តាមរយៈការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ព្រមជាមួយនឹងភាពធូរស្រាល នៃការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងត្រូវបានអនុវត្តយ៉ាងទូលំទូលាយពេញផ្ទៃប្រទេស ឲ្យរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការអន្តរាគមន៍សមស្របនិងទាន់ពេលវេលា ដោយបោះជំហានលើគន្លងអភិវឌ្ឍន៍ថ្មី នឹងបន្តគ្រប់គ្រងផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ១៩ និងការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវភាពធននឹងវិបត្តិ។
ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ក្នុងបរិការណ៍នៃការបន្សំាទៅនិងផលវិបាក នៃជំងឺកូវីដ១៩និងការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការណ៍ចាំបាច់និងបន្ទាន់នានា ក្នុងគោលបំណងដើម្បីរក្សាលំនិងសេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយបញ្ហា ដែលនៅសេសសល់ពីវិបត្តិនៃជំងឺកូវីដ១៩ ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ការបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការបន្តបង្កើនភាពប្រកួតប្រជែង ការបន្តការជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបន្តកែទម្រង់រចនាសម្ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលផ្ដល់ជាមូលដ្ឋានដល់គ្រប់ក្រសួង–ស្ថាប័ន រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣–២០២៥ នឹងការលើកគម្រោងថវិកាឆ្នាំ២០២៣។ សង្គ្រាមនេះបានបង្កផលប៉ះពាល់ដោយប្រយោល ដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈនិងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំសម្លាប់សត្វល្អិតជាដើម៕