សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាំយកអំណោយសង្គ្រោះបន្ទាន់ ផ្តល់ជូនប្រជាពលរដ្ឋចំនួន២៨គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាឃុំ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ ក៏ដូចជាបាននាំយកគ្រឿងឧបភោគ បរិភោគ តង់ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន២៨គ្រួសារ ដែលបានរងគ្រោះប៉ើង រលំ ដួល ទ្រេត និងខូចខាតទ្រព្យសម្បត្តិដោយសារខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងផ្គរ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ នៅភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីអាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។
ជាក់ស្តែងនៅក្នុងពេលនេះ តាមរយៈលោកជំទាវប្រធានសាខាកាកបាទក្រហមខេត្ត សម្តេចទាំងទ្វេរបានផ្តល់នូវអំណោយសង្គ្រោះបន្ទាន់ ជួយដល់ពុកម៉ែបហប្អូនអោយបានទាន់ពេលវេលា ។ក្នុងនាមលោកជំទាវផ្ទាល់ ក៏បានចូលរួមសំដែងនូវការសោកស្តាយយ៉ាងក្រៃលែង ចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ ។ លោកជំទាបានបន្តថា កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា។
ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ–១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិត ក្នុងកាលៈទេសៈនេះផងដែរ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះទាំង២៨គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូ ទឹកសុទ្ធ១កេស ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ តង់១ ឃីត១(មុង ភួយ ខ្នើយ កន្ទេល) និងថវិកាចំនួន ១០០.០០០រៀល៕