អភិបាលខេត្តកណ្តាល គាំទ្រដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លើការងារចលនាឱ្យយុវជន ចូលរួមកាន់តែសកម្ម ក្នុងការរៀបចំបណ្តាញយុវជនស្មគ្រ័ចិត្ត យុវជនកាកបាទក្រហម និងការបង្កើនសមាជិកចលនាកាយរឹទ្ធិ
ខេត្តកណ្តាល៖ថ្លែងនៅក្នុង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០–២០២១ និងលើកទិសដៅសិក្សា ២០២១–២០២២ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលមន្ទីរ និងដៃគូរអភិវឌ្ឍន៍ បានរួមគ្នា សម្រេចបានកិច្ចការធំៗ គួរឱ្យកត់សម្គាល់ ដូចជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត។ ពិសេសការអប់រំមូលដ្ឋាន រយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋដែលជួបការលំបាក មានលទ្ធភាពចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សាសាធារណៈ ការដោះស្រាយតម្រូវការបន្ទាន់ភ្លាមៗ និងការបង្កើនអាហាររូបករណ៍សម្រាប់សិស្សក្រីក្រ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានគាំទ្រ ដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លើការងារចលនាឱ្យយុវជន ចូលរួមកាន់តែសកម្ម ក្នុងការរៀបចំបណ្តាញយុវជនស្មគ្រ័ចិត្ត យុវជនកាកបាទក្រហម និងការបង្កើនសមាជិកចលនាកាយរឹទ្ធិ ត្រូវបន្តពង្រឹងជំនាញ បច្ចេកទេស និងជំនាញទន់សម្រាប់យុវជន ស្របជាមួយនឹងការផ្ដល់ព័ត៌មានទីផ្សារការងារដល់យុវជន និងតម្រង់ទិសសិក្សាអប់រំ ដល់យុវជនអំពីបំណិនជីវិត ស្ដីពីការការពារជំងឺអេដស៍ ការបំបាត់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ច្បាប់ចរាចរណ៍ និងអំពើហឹង្សា ក្នុងចំណោមយុវជន។
ពាក់ព័ន្ធនឹងវិស័យអប់រំកាយ និងកីឡា ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើឱ្យវិស័យនេះ ប្រែក្លាយ ទៅជាវិស័យឈានមុខ និងទទួលការសាទរ គឺមហាជន តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ជាពិសេសត្រូវបន្តខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្តែង បានធ្វើឱ្យមាតាបិតា អាណាព្យាបាល សាធារណៈជន និងប្រជាជនមានជំនឿទុកចិត្តគាំទ្រ និងចូលរួមលេង កីឡា កាន់តែច្រើន ស្របនឹងទិសស្លោក “ប្រជាជនមួយនាក់ កីឡាមួយប្រភេទ” ៕