លោកឧត្តមសេនីយ៍ទោ សេង ធារិន ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានស្វាគមន៍គណៈប្រតិភូថៃ ដឹកនាំដោយ លោកឧត្តមនាវាត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែនច័ន្ទបុរី–ត្រាត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារនៅទីបញ្ជាការយោធភូមិភាគទី៥ ។
ក្នុងនាមមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសំដែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយសេនាធិការ និងគណ:ប្រតិភូទាំងអស់ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងដំណើរទស្សនកិច្ចនាលើកនេះ ជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួមនិងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា ។
លោកឧត្តមនាវីត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែន ច័ន្ទបុរី–ត្រាត បានថ្លៃងថា លោកពិតជាមានកិត្តិយសយ៉ាងក្រៃលែង ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅ ពីលោកនាយសេនាធិការ និងគណៈប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងគណៈប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ ។
លោកឧត្តមនាវីត្រីបានបន្តថា ការធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទិសយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺ ដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាពនិងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី–ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបូរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានេះហើយទើបធ្វើឱ្យបញ្ហានានា ដែលកើតឡើងនៅតាមបណ្ដោយព្រំដែន នៃខេត្តយើងទាំងពីរ ត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ ។
លោកឧត្ដមនាវីត្រីបានបន្តទៀតថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់កងកម្លាំងការពារព្រំដែនច័ន្ទបុរី –ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅយើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន នៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត ៕