បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច(ម៉ូតូ) នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ជនសង្ស័យ១នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនក្រោយពីលួច(ម៉ូតូ)១គ្រឿង កាលពីវេលាម៉ោង០២ និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយយោងតាមសំណុំរឿងលេខ៥២ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត(ដើមបណ្តឹងឈ្មោះ Derick (ឌេរិក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចាត់កម្លាំងជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សឹង្ហ ចំណាន ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់ភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ដែលជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកSuziki Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរងគ្រោះ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។
ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzik Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរងគ្រោះឈ្មោះ Derick (ឌេរិក) នោះទេចំពោះម៉ូតូSuziki Raider ដែលខ្លួនបានជិះ គឺខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ២៦ឆ្នាំ ដោយរូបគេបានយកម៉ូតូ Suziki Raider ពណ៌ខៀវ លាយខ្មៅ មកលក់ឱ្យខ្លួនក្នុងតម្លៃ ៣៦,០០០B(បីម៉ឺនប្រាំមួយពាន់)បាត ដោយខ្លួនទើបតែលេងហ្គេមបាញ់ត្រីឈ្នះផង ខ្លួនក៏បានទិញយកម៉ូតូខាងលើតែម្ដង ក្នុងការទិញម៉ូតូនេះ ខ្លួនក៏បានដឹងដែរថា ម៉ូតូខាងលើនេះ គឺបុរសមិនស្គាល់ឈ្មោះខាងលើ បានធ្វើសកម្មភាពលួចពីជនជាតិឥណ្ឌូនេស៊ីម្នាក់ តែខ្លួនមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ គឺខ្លួននៅតែបន្តជិះម៉ូតូនោះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ចំពោះម៉ូតូ SUZIKI RAIDER ពណ៌ខៀវ ខ្មៅ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យទៅម្ចាស់ដើមវិញហើយ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែកជនមិនស្គាល់មុខសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។
លោករវសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនីតិវិធី៕