គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ សន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
នាឱកាសនោះលោក ហី គឹមសេង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានលើកឡើងថា ជាទូទៅការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ឬការគំរាមកំហែងនិងការបំភិតបំភ័យឡើយ។ ជោគជ័យដ៏ត្រចះត្រចង់នេះ សម្រេចទៅបាន អាស្រ័យដោយមានការចូលរួមចំណែក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងបានអញ្ជើញទៅបោះឆ្នោតកន្លងមក។
លោក ហី គឹមសេង បន្តថា នាឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជាក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យយើង និងមានព្រឹត្តិការណ៍សំខាន់ នឹងជាប្រវត្តិសាស្ត្រមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ដើម្បីត្រៀមលក្ខណៈក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងត្រៀមរៀបចំដំណើរការនៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតនាឆ្នាំ២០២៣។
លោកស្រី រស់ សុផានី អភិបាលរងខេត្តមានប្រសាសន៍ថា ការបោះឆ្នោតគឺជាចំណុចស្នូល និងជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយគោការណ៍នៃលទ្ធិប្រជាធិបតេយ្យដែលបានកំណត់ក្នុងការអនុវត្តមានដូចជា ការបោះឆ្នោតទៀងទាត់ ការបោះឆ្នោតជាសកល ដោយស្មើភាព ដោយសម្ងាត់ ដោយទៀងត្រង់ គ្មានការលួចបន្លំ មានសិទ្ធិឈរឈ្មោះបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងការសម្ដែងមតិដោយសិរីភាពតាមឆន្ទៈរាស្ត្រ។
លោកស្រី រស់ សុផានី បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងមកនេះ បានពិនិត្យឃើញថា ការបោះឆ្នោតនេះមានលក្ខណៈកាន់តែល្អប្រសើរ ដោយភាពចាស់ទុំខាងនយោបាយ និងមានការអធ្យាស្រ័យល្អ ការយោគយល់គ្នាទៅវិញទៅមករវាងគណបក្សនយោបាយ បានធ្វើឲ្យសកម្មភាពឃោសនាបោះឆ្នោតរកសម្លេងគាំទ្រ ប្រកបតាមក្រមសីលធម៌ គ្មានការគម្រាមកំហែង គ្មានអំពើហឹង្សា៕