បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស
(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ លើករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្តុំផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះចាប់ឃាត់ជនសង្ស័យម្នាក់ឈោ្មះ ណា បូរ៉ា ហៅម៉ី ភេទប្រុស អាយុ២៥ឆ្នាំ ដែលបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះ ជៀម ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅចំណុចខាងលើ បណ្តាលឲ្យរងរបួសចំទ្រូងខាងឆ្វេង ចំនួន០១កន្លែង និងចំខ្នងដៃខាងស្តាំ មានហូរឈាមច្រើន បណ្តាលឲ្យសន្លប់ និងដកហូតយកវត្ថុតាងកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ប្រវែង ៣២សង់ទីម៉ែត ចំនួន០១ដើម នាំយកទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីអនុវត្តតាមនិតិវិធី។នេះបើតាមការឲ្យដឹងពីលោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ បានផឹកស្រាស្រវឹង មកអុកឡុកនៅកន្លែងរបស់ខ្លួននៅម្ដុំផ្សាររ៉ា ពេលនោះបុរសម្នាក់នោះបានយកស្បែកជើង និងកៅអីបម្រុងវាយរូបខ្លួន ខ្លួនក៏បានគេចផុត ហើយខ្លួនក៏ដកកូនកាំបិតពីក្នុងកាបូបដើម្បីគំរាមកុំឱ្យបុរសខាងលើ វាយមកលើរូបខ្លួន ក៏មានការប្រតាយប្រតប់គ្នា ទើបបណ្តាលឱ្យបុរសនោះរងរបួស ដោយកាំបិតចំទ្រូង ហើយបុរសនោះស្រវ៉ាចាប់ទាញយកកាំបិតពីដៃរបស់ខ្លួន បណ្តាលឱ្យម៉ុតដៃបុរសនោះបន្ថែមទៀត ។ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តតាមនីតិវិធី៕