ឯកឧត្តមបណ្ឌិត Takeshi kasai ថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសជំរុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា
(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ខេត្ត នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជួប សម្តែងការគួរសម និងសវនាការជាមួយឯកឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) នៅសាលាខេត្តកំពង់ចាម។ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ និងលោកស្រី វេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក(WHO) ប្រចាំប្រទេសកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ជាកិច្ចស្វាគមន៍ ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតTakeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) សម្រាប់វត្តមានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ទឹកដីខេត្តកំពង់ចាមនាពេលនេះ ហើយ ឯកឧត្តម អភិបាលខេត្តក៏បានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមកន្លងមក រហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម អភិបាលខេត្ត ក៏បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ–១៩ នោះទេ។
ឯកឧត្តម អភិបាលខេត្តបន្តថា ជោគជ័យទាំងនេះ ក៏ព្រោះតែកម្ពុជាមានភ័ព្វសំណាងបំផុតដោយយើងមានថ្នាក់ដឹកនាំល្អ ចេះគិតគូរពីសុខទុក្ខ និងអាយុជីវិតរបស់ប្រជាជន គឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតយើងការពារបានពីការរាតត្បាតនៃជំងឺមហាប្រល័យនេះ។
ក្នុងឱកាសនោះ ឧត្តមបណ្ឌិត Takeshi kasai បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសបានជំរុញឱ្យប្រជាពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ គ្រប់ៗគ្នា៕