បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច និងបើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួច និងបើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១៦ និង១៥នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលមានការពាក់ព័ន្ធករណីលួច និងបើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ រួចនាំខ្លួនទៅកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ា ភារុណ ហៅ សីហា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងឈ្មោះ សុខ រិទ្ធិ ហៅ រើន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថ ដកហូតបាននូវវត្ថុតាងរួមមាន ៖ ធុងបាស់ម៉ាក JVE PRO ពណ៌ខ្មៅ ចំនួន ០១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ),ទូឡឺរ៉ឺស ចំនួន០១ដើម,ដែកចុងស្រួចកែច្នៃ សម្រាប់ទុកកាច់សោ ក ម៉ូតូ ចំនួន ០១ដើម, និងថ្នាំញៀនប្រភេទយ៉ាម៉ា០១គ្រាប់ ផងដែរ។ក្រោពីសាកសួរួចជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថក្រុង បញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។
លោករវសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕