លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងដូសទី៤ (PFIZER) ជូនកម្លាំងជួរមុខរបស់កងពល និងកម្លាំងនគរបាលព្រំដែនគោក
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពល អញ្ជើញចុះត្រួតពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសទី៤ ជូនកងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងនគរបាលព្រំដែនគោក ស្ថិតនៅក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ មេបញ្ជាការកងពល បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ដូសទី៤ ដែលបានប្រព្រឹត្តិឡើងនាពេលនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់យោធិន គ្រួសារយោធិន និងកងកម្លាំងនគរបាលការពារព្រំដែនគោកឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ–១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ជាចុងក្រោយលោកមេបញ្ជាការ កងពលបានផ្តាំផ្ញើបន្ថែមចំពោះកងកម្លាំងទាំងអស់ និងគ្រួសារដែលមកទទួលសេវាវ៉ាក់សាំងដូសទី៤ សូមឱ្យនៅតែបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ កុំ ៣ការពារដដែល ៕