ល្បែងសុីសង ប្រភេទជល់មាន់តាមទូរទស្សន៍អនឡាញ កំពុងកើតមានឡើងយ៉ាងកក្រើក នៅក្នុងទឹកដីស្រុកសំរោង សមត្ថកិច្ចគ្មានចំណាត់ការ
(ខេត្តតាកែវ)៖គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញសម្រាប់ឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មិនមានការភ័យខ្លាច គ្មានអំពើរហិង្សាក្នុងគ្រួសារ គ្មានចោរលួចចោរប្លន់ គ្មានការសេពនិងជួញដូរគ្រឿងញៀនជាដើម ដែលផ្ដើមចេញពីការលេងល្បែងស៊ីសងចាក់ចាញ់ឈ្នះនេះ សម្រាប់ស្រុកសំរោង ខេត្តតាកែវ ហាក់បីដូចជាមិនទាន់មានការទប់ស្កាត់ ពោលគឺមិនទាន់អនុវត្តនៅឡើយ ខណ:ល្បែងសុីសងប្រភេទជល់មាន់តាមទូរទស្សន៍អនឡាញ កំពុងបើកឲ្យលេងយ៉ាងព្រោងព្រាតនៅតាមហាងកាហ្វេ ជាក់ស្ដែងទីតាំងហាងការហ្វេមួយកន្លែងស្ថិតនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កំពុងបើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង ដោយចាប់បើកតាំងពីរព្រឹករហូតដល់យប់ អាជ្ញាធរគ្មានចំណាត់ការឡើយ។
បើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងបានបង្ហើបឱ្យដឹងថា ទីតាំងខាងលើនេះគឺជារបស់ក្រុមហ៊ុន(R88) ដែលកំពុងតែស្រែកប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនបានបង់ឱ្យថ្នាក់លើរួចរាល់អស់ហើយ ទើបហ៊ានបើកឱ្យលេងបានដោយរលូនបែបនេះ។ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះការបើកបនល្បែងសុីសងក្នុងហាងការហ្វេ ដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើន ដោយសំឡេងហូរកញ្ជ្រៀវក្រហ៊ឹងអឹងករ ហាក់បីដូចជាការប្រគំុតន្ត្រីអញ្ចឹង ជាពិសេសពួកគាត់ឃើញមានសមត្ថកិច្ចមកដល់កន្លែងដែរតែដូចជាគ្មានចំណាត់ការអ្វីទាំងអស់ ទាំងនេះធ្វើឲ្យពួកគាត់ដាក់ការសង្ស័យថាប្រហែលជាលោកអធិការស្រុកសំរោង ត្រូវដងត្រូវផ្លែគ្នាអស់ហើយបានជាមិនមានវិធានការទប់ស្កាត់យ៉ាងដូច្នេះ ។
ទាំងនេះជាក្តីបារម្ភរបស់ពួកគាត់ជាខ្លាំងព្រោះថាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានតែងតែកើតមានឡើងនូវបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ បទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ពលរដ្ឋខ្លះចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីជំពាក់បំណុលគេជុំទិស បង្កបញ្ហាអសន្តិសុខជាដើម។ដូច្នេះពួកគាត់ស្នើឲ្យស្នងការនគរបាលខេត្តតាកែវ មានវិធានការផងទាន!!!! បើពឹងមន្ត្រីថ្នាក់មូលដ្ឋានប្រហែលមិនអាចទៅរួចនោះទេ ព្រោះប្រជាពលរដ្ឋដែលសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា ឃើញមន្ត្រីមួយចំនួនបានចុះមកដល់ហើយដែរតែគ្មានចំណាត់ការទាល់តែសោះរហូតមកទល់ពេលនេះ៕