ឌុបប្រពន្ធទៅលេងស្រុកកំណើត ត្រូវថយន្តបុកស្លាប់ទាំងពីរនាក់ យ៉ាងអាណោចអធម៌ នៅខណ្ឌជ្រោយចង្វា
(ភ្នំពេញ)៖បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ផ្លោងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យ២នាក់ប្តីប្រន្ធស្លាប់នៅនឹងកន្លែង រីឯរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងសង្ក័សី និងរថយន្ត២គ្រឿងទៀតនៅពីមុខ បណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរំលងអធ្រាតឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសជាប្តីមានឈ្មោះ អ៊ន អុន អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុងស៊ីធរកណ្តាល ខេត្តព្រៃវែង។ចំណែកស្រ្តីជាប្រពន្ធ មានឈ្មោះភួង ស្រីយ័ន្ត អាយុ៤៨ឆ្នាំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6183 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងជិះចេញពីភ្នំពេញត្រឡប់ទៅស្រុកកំណើត នៅឯខេត្តព្រៃវែង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែគេឃើញមានបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាក Mecerdes G63 ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជាHL.800 បើកតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅស្របគ្នាយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យពីរនាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុ.កផ្ទប់រថយន្តដឹកទំនិញ២គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹងរងការខូចខាត ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ ភ្លាមៗនោះដែរ សមត្ថកិច្ចបានឃាត់ម្ចាស់រថយន្ត នៅនឹងកន្លែងកើត។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កនឹងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕