ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញដល់អភិបាលស្រុក អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើការពារមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន
ខេត្តកណ្ដាល៖មានប្រសាសន៍សំណេះសំណាលក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកស្អាង ខេត្តកណ្ដាល នៅសាលស្រុកស្អាងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលស្រុក អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើជាគំរូល្អ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។បន្ថែមពីនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងជាអភិបាល អភិបាលរង និងនាយករដ្ឋបាល ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការដឹកនាំអោយស្រុកស្អាង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា លោក ជឺ គីមហៃ អភិបាលរង នៃគណ: អភិបាលស្រុកស្អាង ត្រូវបានរាជរដ្ឋាភិបាលសម្រេច តែងតាំងជា អភិបាល នៃគណៈអភិបាលស្រុកស្អាង ជំនួសលោក ញឹម វណ្ណឌិន ដែលដល់អាយុត្រូវចូលនិវត្តន៍ លោក ឃុត ផល្លា នាយករដ្ឋបាលសាលាស្រុកស្អាង ត្រូវបានតែងតាំងជាអភិបាលរង នៃគណ:អភិបាលស្រុកស្អាង និងលោក អុល ចាន់ណូ ត្រូវបានតែងតាំ ជានាយករដ្ឋបាលសាលាស្រុកស្អាង៕