សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយអប់រំ ដល់ស្ត្រីមានផ្ទៃពោះចំនួន៤៥នាក់ មកពីបណ្ដាភូមិក្នុងសង្កាត់ ក្នុងក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ស្ត្រីមានផ្ទៃពោះចំនួន៤៥នាក់ មកពីបណ្ដាភូមិក្នុងសង្កាត់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលអប់រំការផ្សព្វផ្សាយពីមន្ត្រីសាខាកាកបាទក្រហមខេត្ត ដែលមានលោកស្រី សុខ លាភា បានឡើងធ្វើការអប់រំផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោជន៍នៃការយល់ដឹងអំពីសុខភាព បន្តពូជ និងបង្កាការពារមាតា ទារកពេលមានផ្ទៃពោះ និងពេលសំរាលកូន និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះនឹងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ។
លោកស្រី សុខ លាភា ក៏បានធ្វើការបញ្ជាក់បន្ថែមពីសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ ដោយក្នុងសារលិខិតបានបញ្ជាក់ច្បាស់ថា យើងត្រូវការចាំបាច់ជាទីបំផុតការរួមកម្លាំងគ្នា និងការធ្វើតាមគ្រប់លទ្ធភាព ដើម្បីពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ ឲ្យបានល្អប្រសើរឡើងវិញអោយបានសមស្របជាមួយនឹងប្រធានបទ នៃទិវាជាតិសុខភាពមាតា ទារកនិងកុមារឆ្នាំ២០២២នេះ។ ជាមួយគ្នានេះយើងត្រូវតែលើកទឹកចិត្តស្ត្រីទាំងនោះឲ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្ដាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ។
ទន្ទឹមនោះលោកស្រី ក៏សូមធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិសូមបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារកនិងកុមារ ពិសេសជួយលើការងារបណ្ដុះបណ្ដាលនិងវិក្រឹតការដល់មន្ត្រី បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ឱ្យទទួលបានចំណេះដឹងនិងជំនាញពិតប្រាកដ ដើម្បីពង្រឹងគុណភាព និងគុណតម្លៃនៃការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះនឹងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ។
ដោយពេលវេលានិងបច្ចុប្បន្ននេះជាពេលនៃរដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្ដាលឱ្យមានមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់មនុស្សយើង ពិសេសកុមារតូចៗ វាអាចសម្លាប់យើងបានបើយើងមានការធ្វេសប្រហែស ដូចនេះក្នុងកម្មវិធីផ្សព្វផ្សាយស្ត្រីមានផ្ទៃពោះនេះផងដែរ ។ កញ្ញា សិទ្ធិស៊ីណាត មន្ត្រីសាខាកាកបាទក្រហមខេត្ត ក៏បានឡើងធ្វើបទបង្ហាញ ស្ដីពីបញ្ហាប្រឈមជម្ងឺគ្រុនឈាមដូចនេះរួមគ្នា កំចាត់ប្រភពមូសខ្លាពិសេសសម្អាតបរិស្ថានជុំវិញផ្ទះយើងជាប្រចាំផងដែរ ៕