បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ រួមនឹងថ្នាំញៀនមួយចំនួនកាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងបានឃាត់ខ្លួនមានឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្នុងប្រតិបត្តិការ កម្លាំងអាវុធហត្ថ យើងដកហូតបាននូវសម្ភារៈវត្ថុតាងរួមមាន៖ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម , ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥៣ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ) ។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តតាមនីតិវិធី៕