ល្បែងស៊ីសងជល់មាន់តាមអនឡាញ(ទូរទស្សន៍) កំពុងបើកឲ្យលេងយ៉ាងគក្រើក នៅភូមិចំនួនពីក្នុងឃុំនារាយណ៍ ស្រុកឈូក លោកមេប៉ុស្តិ៍ឃុំនារាយណ៍ ថាគេមានច្បាប់ត្រឹមត្រូវ
ខេត្តកំពត៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ(ទូរទស្សន៍) កំពុងបើកឲ្យដំណើរការបានដោយរលូននៅភូមិចំនួនពី គឺភូមិពុះពង និងភូមិនារាយណ៍ ស្ថិតនៅក្នុងឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត មិនឃើញមានអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបទាល់តែសោះរហូតមកដល់ពេលនេះ ទោះជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ខលរាយការណ៍ជូនយ៉ាងណាក្តី លោកនាយប៉ុស្តិ៍នគរបាលឃុំនារាយណ៍ បានឆ្លើយថាគេមានច្បាប់ត្រឹមត្រូវ ។តែទោះជាយ៉ាងនេះក្តីបើយោងតាមច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា,ជំពូក៣ មាត្រា៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ឬដាក់គុក។
ពាក់ព័ន្ធទៅនឹងការបើកឲ្យមានការលេងល្បែងស៊ីសងយ៉ាងពពាក់ពពួននៅចំណុចខាងលើនេះដែរ បើតាមប្រជាពលរដ្ឋបានខ្សឹបបា្រប់ថា បើមិនមានការបង់លុយឲ្យសមត្ថកិច្ចមូលដ្ឋានទេ ក៏ម្ចាស់ទីតាំងខាងលើមិនហានបើកឲ្យពួកញៀនល្បែងទាំងនោះលេងបានដោយរលូនបែបនេះដែរ ។ជាហេតុធ្វើឲ្យពួកគាត់រស់នៅដោយភាពភ័យខ្លាច ព្រោះថា បទល្មើសផ្សេងៗដូចជា ចោលួច ចោប្លន់ អំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពលរដ្ឋខ្លះលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់បំណុលគេជុំទិស បង្កជាបញ្ហាអសន្តិសុខសង្គមជាដើមនោះគឺ សិតសឹងផ្តើមចេញពីការចាញ់ល្បែងស៊ីសងនេះឯង។ដូច្នេះពួកគាត់ស្នើឲ្យអធិការនគរបាលស្រុកឈូក ពិសេសស្នងការនគរបាលខេត្តកំពត មានវិធានការផងទាន!!!! ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ បើពឹងលើអជ្ញាធរមូលដា្ឋនប្រហែលមិនអាចទៅរួចនោះទេ ដោយសារល្បែស៊ីសងខាងលើនេះបើកឲ្យលេងយ៉ាងគគ្រឹកគក្រេង ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មិនឃើញសមត្ថកិច្ចចុះណែនាំ ឬបង្ក្រាបនៅឡើយរហូតមកដល់ពេលនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអធិការស្រុងអង្គស្រួល ខេត្តកណ្តាល បានចុះបង្ក្រាប និងឃាត់ខ្លួនបុគ្គលិក និងអ្នកញៀនល្បែងស៊ីសងជល់មាន់តាមកញ្ចក់ទូរទស្សន៍បានចំនួន៤នាក់ផងដែរ។ដោយឡែលសម្រាប់ឃុំនារាយណ៍ ស្រុកឈូក ល្បែស៊ីសងចាក់ចាញ់ឈ្នះកំពុងតែកើតមានឡើង បែជាលោកនាយប៉ុស្តិ៍បញ្ជាក់ថា គេមានច្បាប់ត្រឹមត្រូវទៅវិញ។យោងតាមច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសងក្នុងជំពូក៣ដដែរ មាត្រា១១ ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំ ដល់៥ឆ្នាំទៀតផង ៕ដោយ ៖ លោក ផូង បញ្ញា