សង្ស័យរថយន្តយីឌុបខ្នាតយក្ស ដឹកឈើជាច្រើនម៉ែត្រគូប ដែលកំពុងខូចលើផ្លូវជាតិលេខ៦២ ជាខ្សែសាឡាយរបស់លោក វង្សវិសិដ្ឋ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យ ហើយមើលទៅ បានជាគ្មានចំណាត់ការបង្រ្កាប(មានវីឌីអូរ)
ខេត្តព្រះវិហារ៖មហាជនកំពុងដាក់ការសង្ស័យទៅលើលោក វង្សវិសិដ្ឋ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យថា ប្រហែលជាត្រូវដងត្រូវផ្លែ ឬក៏មានការទំនាក់ទំនងទទួលបានផលប្រយោជន៍ពីឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើហើយមើលទៅ បានជាមិនអើពើក្នុងការបង្ក្រាប ខណៈរថយន្តយីឌុប ១គ្រឿង ពាក់ស្លាកលេខ (កំពង់ធំ 3A-1359) ដឹកឈើ ពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ អស់ល័ក្ខក៏ស្រាប់តែខូចនៅលើដងផ្លូវជាតិលេខ ៦២ ហៅ (ផ្លូវក្រាំងដូង) ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជិត១០ថ្ងៃហើយមកនោះ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលរាយការណ៍ជូនទៅលោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ ដើម្បីឲ្យចុះពិនិត្យនិងមានចំណាត់ការ ក្នុងនោះលោកក៏បានដឹកនាំកម្លាំងចុះមកត្រួតពិតនិត្យបានមួយភ្លែត ឃើញមានឈើផ្ទះចាស់នៅពីលើ លោកក៏ប្រញាប់ប្រញាល់ត្រឡប់ទៅវិញភ្លាម ដោយមិនបានប្រាប់ក្រុមសារព័ត៌មាននោះដែរ។ក្រោយមកក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលទៅលោក ដើម្បីសួរនាំករណីខាងលើនេះ តែលោក វង្ស វិសិដ្ឋ បានឆ្លើយបំភ្លឺថា៖ លោកមិនអាចធ្វើការឆែកឆេរ និងរើឈើក្នុងរថយន្តនេះបានទេ រងចាំម្ចាស់គេមកសិន ទើបខាងជំនាញលោកអាចធ្វើការតាមនីតិវិធីបាន។
ជុំវិញករណីរថយន្តយីឌុបដឹកឈើកំពុងតែខូចនៅលើដងផ្លូវជាតិលេខ៦២ ខាងលើនេះដែរ ប្រជាពលរដ្ឋ និងមហាជនរួមនឹងសារព័ត៌មានជាច្រើនអង្គភាព កំពុងមានការងឿយឆ្ងល់ជាខ្លាំង ខណៈដែល លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ ដឹកនាំកម្លាំងត្រួតពិនិត្យឃើញឈើក្នុងរថយន្តយីឌុបហើយ បែរជាគ្មានចំណាត់ការទៅវិញ ឬមួយលោកមានចេតនា ពន្យាពេល ជាច្រើនថ្ងៃបន្តទៀត ដើម្បីឲ្យម្ចាស់ឈើមានឱកាស ក្នុងការរត់ច្បាប់អនុញ្ញាតិ ពីមន្ត្រីជំនាញសិន ទើបរថយន្តយីឌុបនេះ អាចបន្តដឹកឈើទៅដល់គោលដៅ ដោយសុវត្ថភាព។បើអញ្ចឹងមែននោះ មិនខុសពីពាក្យចាស់ពោលថា «កន្ទេលធំ បន្លំដេក រឺ ត្រីងៀត ឆ្លៀតពងនោះទេ»។ដូច្នេះស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សុខុន ដាក់មន្ត្រីជំនាញចុះពិនិត្យមើលមន្ត្រីថ្នាក់ក្រោមផងទាន ពិសេសលោក វង្សវិសិដ្ឋ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យ តែម្តង បើមិនមានការទប់ស្កាត់ឲ្យបានទាន់ពេលទេនោះ ផលអនុផលព្រៃឈើនឹងវិនាសហិនហោចជាក់ជាមិនខាន ៕សូមអញ្ជើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោម