សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេងម៉េង និងសមិទ្ធផលនានា នៅ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល
ខេត្តកណ្តាល៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សាសាលារៀន ខ្មែរ–ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានដូចជា នៅសាលាបឋមសិក្សាថ្នល់ទទឹង ក្នុង ឆ្នាំ២០១៩ មានអគារចំនួន១ ខ្នង ពីរជាន់ ស្មើនឹង១២ បន្ទប់ និងនៅសាលាខ្មែរ–ចិន ចេង ម៉េងអគារសិក្សា១ខ្នង កំពស់២ជាន់ មាន៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីទៀត អំពីប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ជាពិសេសការដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប រហូតបង្កើតបានភាពសាំសហគមន៍។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយត្ន នឹងជំងឺឆ្លងនេះដែលបច្ចុប្បន្នកំពុងមានការរីករាលដាលជាថ្មី។
ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រ ចំពោះការអនុវត្តវិធានការណ៍ដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀត ដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌៕