កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ
(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង០៦នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចកាស៊ីណូហ្គោ ឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងដកហូតបានម៉ូតូម៉ាកហុងដាស៊ូម័រអ៊ិច០១គ្រឿងផងដែរ ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឌឿ ម៉ារ៉ាថុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មោះ យ៉ន ប៊ុនធឿន ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ ជានជាតិខ្មែរ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ក្រោយពីសមត្ថកិច្ចសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូចំនួន០២គ្រឿងកន្លែងផ្សេងគ្នាពិតប្រាកដមែន ដោយពួកគេទៅលួចម៉ូតូ០១គ្រឿងម៉ាកហុងដាស៊ូម័រអ៊ិច ពណ៌ក្រហមលាយស នៅចំណុចផ្សារហ៊ុយឡេង បន្ទាប់មកពួកខ្លួនបានបន្តទៅលួចម៉ូតូ០១គ្រឿងទៀតម៉ាកស្កុបពី ពណ៌ស នៅចំណុចម្ដុំកាស៊ីណូហ្គោលឌិនស្ទូចត្រី ហើយពួកគេនាំគ្នាយកម៉ូតូស្កុបពីដែលលួចបាន ទៅលាក់ទុកនៅម្ដុំវត្តត្រាច ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកទៀតពួកគេបាននាំគ្នាយកម៉ូតូម៉ាកស៊ូម័រអ៊ិចជិ:ទៅក្នុងគោលបំណងយកទៅដាក់បញ្ចាំ ស្រាប់តែទៅដល់ចំណុចកាស៊ីណូហ្គោលឌិល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពួកគេតែម្ដង ។
ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង នាំទៅយកម៉ូតូ០១គ្រឿងទៀតដែលខ្លួនលាក់ទុក ហើយកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឲ្យម្ចាស់ដើមរៀងៗខ្លួនវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕