មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ មិនត្រូវយកតួនាទី ឬសិទ្ធអំណាចជាសមត្ថកិច្ច ទៅគាបសង្កត់ដល់ពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ
(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថចំនួន៨៨រូប នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ មិនត្រូវយកតួនាទី ឬសិទ្ធអំណាចជាសមត្ថកិច្ច ទៅគាបសង្កត់ដល់ពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ បើមានករណីនេះកើតឡើង ហើយរកឃើញថាមន្ត្រីអាវុធហត្ថណាម្នាក់បានប្រព្រឹត្ត អំពើនេះ នឹងត្រូវប្រឈមមុខ ចំពោះច្បាប់ដោយគ្មានការលើកលែងជាដាច់ខាត។
ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានណែនាំ និងជំរុញបន្ថែមទៀត ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួន៤ រួមមាន៖
–ប្រទេសជាតិត្រូវតែការពារ –ប្រជាត្រូវតែបម្រើ –ច្បាប់ត្រូវតែគោរព –បទល្មើសត្រូវតែបង្ក្រាប។
ទន្ទឹមនោះដែរលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួន ដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យរបស់អង្គភាព កងរាជអាវុធហត្ថបានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលើកទឹកចិត្តនិងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។
សូមបញ្ជាក់ផងដែរថា យោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិមានចំនួន៨៨រូប ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន៣៣រូប ថ្នាក់អនុសេនីយ៍ទោចំនួន៣០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន០២រូប ថ្នាក់នាយចំណង់ចំនួន០៩រូប ថ្នាក់ព្រិនបាលឯកចំនួន០៦រូប ថ្នាក់ព្រិនបាលទោចំនួន០២រូប និងផ្លាស់ប្ដូរមុខតំណែងចំនួន០៦រូប ផងដែរ ៕