គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ចេញសេចក្តីថ្លែការណ៍ គាំទ្រទាំងស្រុងចំពោះការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធាន គណបក្សប្រជាជនកម្ពុជាខេត្ត រួមនិងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្ត បានចេញបសេចក្តីថ្លែការណ៍ គាំទ្រទាំងស្រុងចំពោះការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។
ក្នុងសេចក្តីថ្លែការណ៍ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តប៉ៃលិនបានបញ្ជាក់ថា យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជា បង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។
ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើ វិសោធនកម្មទាំង៩ លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើង ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការបំពេញ ចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានា បាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។ម្យ៉ាងវិញទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធានាឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ មានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រទេស ជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងមូល។
សេចក្តីថ្លែការណ៍បញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិមួយចំនួនដែល បានលើកឡើងនូវគំនិតទុទិដ្ឋិនិយមចំពោះការផ្តួចផ្ដើមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិនាពេលនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនៃ សំណើវិសោធនកម្មនាពេលនេះ ហើយជាការលើកឡើងដែលមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ និង មានសេចក្តីសង្ឃឹមប្រកបដោយគំនិតសុទិដ្ឋិនិយម និងទស្សនាទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាង ពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ៕