វគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវឧកញ្ញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានគណៈកម្មការកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
ពិធីនេះបានធ្វើឡើង នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ជាស្រ្តីទាំង៩ ។
លោកស្រី រស់ សុផានី ប្រធានគណៈកម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានមានប្រសាសន៍លើកឡើងថា វគ្គបំប៉ននេះបានផ្ដល់ចំណេះដឹង និងបទពិសោធន៍មួយចំនួនដល់សិក្ខាកាមនិងក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹងលើកកម្ពស់ការយល់ដឹង ពង្រឹងស្មារតី និងសតិអារម្មណ៍នយោបាយ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា។ជាពិសេសស្ត្រីក្នុងជួរថ្នាក់ដឹកនាំបានស្គាល់ និងយល់ច្បាស់ពីគោលការណ៍ដឹកនាំ និងទិសដៅរបស់បក្សកសាងនិងពង្រឹងសមត្ថភាពឃោសនាឲ្យបានចំទិសដៅ។
លោកស្រី រស់ សុផានី បានបញ្ជាក់ថា៖ ឆ្នាំ២០២២នេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ក្រុមចលនាស្ត្រីថ្នាក់ខេត្ត ស្រុក ក្រុងរហូតដល់បណ្ដាញស្ត្រីថ្នាក់ភូមិ ឃុំ ទាំងអស់បានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំបំផុសចលនា និងដឹកនាំស្ត្រីបំពេញភារកិច្ចតាមផែនការសកម្មភាពដែលបានលើកឡើង ហើយសម្រេចបានជាលទ្ធផលរួមមាន៖១.ការងារនយោបាយ
២.ការពង្រឹងរចនាសម្ព័ន្ធចាត់តាំង និងពង្រីកសមាជិកភាព
៣.ការងារសង្គម និងមនុស្សធម៌ និង
៤.ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍។
ក្នុងវគ្គបំប៉ននោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោធសរសើ និងថ្លែងអគុណចំពោះលោក ទុំ ទាវ អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលបានសហការជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ក្នុងការបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីថ្នាក់ដឹកនាំ ដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធ និងវឌ្ឍនភាពការងារនិងស្វែងយល់ពីចរិតលក្ខណៈ ដែលមានសក្កដានុពលក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទីនិងភារកិច្ចដែលបានកំណត់ដោយច្បាប់ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលនេះជំងឺកូវី.១៩។
ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវសិក្សាស្វែងយល់ពីរគ្រូឧទេសដើម្បីត្រូវហ៊ានសួរនូវចម្ងល់ឬចំណុចណាមួយដែលយើងមិនទាន់ច្បាស់ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានផុសផុល ដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិសហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយជាតិបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅលើកកម្ពស់សមភាពយេនឌ័រលើកស្ទួយស្ថានភាពស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ចុងបញ្ចប់លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើដល់ស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាព របស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត។ជាពិសេស គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើប្រជាពលរដ្ឋឲ្យល្អ៕