អង្គការគ្រួសារកុមារអភិវឌ្ឍន៍ ហៅកាត់”FRA” ប្រគេនកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដល់ព្រះសង្ឃ តាមបណ្ដាស្រុកក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ដោយទឹកចិត្តអាណិតស្រលាញ់ រវាងប្រជាជនតៃវ៉ាន់ មកលើប្រជាជនខ្មែរយើង ជាពិសេសលើវិស័យអប់រំសិក្សា ដែលជាវិស័យអត្ថិភាពខ្ពស់ជាងគេនោះ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់“FRA”ប្រចាំនៅកម្ពុជា រស់នៅលើទឹកដីកោះតៃវ៉ាន់ តាមរយៈមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានធ្វើការផ្ដល់ប្រគេនូវសម្ភារៈ កុំព្យូទ័រចំនួន ១៣៥គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន ១៥គ្រឿង ដល់ព្រះសង្ឃតាមបណ្ដាស្រុកក្រុងទាំង៩ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដោយសម្ភារៈទាំងអស់សរុបថវិកាចំនួន ២,៣៦៩០$ សហរដ្ឋអាមេរិច។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា រយៈកន្លងមកប្រជាជនរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ តាមការគៀងគរមូលនិធិពីអង្គការគ្រួសារកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំង អ៊ួយលីន ជានាយិការ តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់រំសិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈថវិកា ផ្ដល់អាហារូបករណ៍ប្រគេនដល់ព្រះសង្ឃរាងរាល់ឆ្នាំ ដើម្បីបានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។
ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការ “FRA” ជាពិសេសអរគុណដល់ប្រជាជនតៃវ៉ាន់ ដែលតែងតែជួយផ្តល់ជាថវិកា ចូលរួមនូវការខ្វះខាត លើការសិក្សាក្ដីជួបនូវគ្រោះមហន្តរាយធម្មជាតិក្ដី នេះសបញ្ជាក់ពីសក្ដីភាពដ៏ល្អប្រពៃ របស់ប្រជាជនតៃវ៉ាន់ ទោះបីយើងជាសាសខុសគ្នាក្ដី។ ជាចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើនិងពិតប្រគេនដល់ព្រះតេជគុណ ទាំងអស់ដែលបានទទួលសម្ភារៈកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ ត្រូវរួមគ្នាថែរក្សាខិតខំរៀនសូត្រ យកចិត្តទុកដាក់ ព្រោះថា ចំណេះដឹងជាទ្រព្យដ៏មហាសាលមិនអាចកាត់ថ្លៃបាន៕