អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្តីការឆ្លងរបាយការណ៍ និងវឌ្ឍនភាព នៃការជួសជុលកែលម្អអគារមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។
សូមបញ្ជាក់ថា សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបំពេញបេសកកម្មការងារ ផ្ដើមចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំសមាគមជាបន្តបន្ទាប់ ដោយបានធ្វើសកម្មភាពជួយដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ដែលគិតជាទឹកប្រាក់រាប់លានដុល្លារ សហរដ្ឋអាមេរិករួចមកហើយ ក្នុងនោះផ្តោតទៅលើលើវិស័យមួយចំនួនដូចខាងក្រោម:
– វិស័យសុខាភិបាល មានការកែលម្អ អគារមន្ទីរពេទ្យបង្អែកជាច្រើនក្នុងខេត្តកំពង់ចាម និងការបណ្ដុះបណ្ដាល និងបំពាក់សម្ភារៈបរិក្ខាពេទ្យជាដើម។
– វិស័យអប់រំ ដោយធ្វើការជួសជុលអាគារវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។
– វិស័យទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហគមន៍នានាទូទាំងខេត្តកំពង់ចាម ។
– វិស័យមនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ ។
– ជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅស្រុកកង់មាស ។ទិសដៅសម្រាប់ឆ្នាំ២០២២នេះ សមាគមបានបន្តជួយលើវិស័យសុខាភិបាលទូទាំងខេត្តកំពង់ចាម ដោយបានពង្រីកវិសាលភាពជំនួយរហូតទូទាំង១០ក្រុង/ស្រុក ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួមលះបង់យ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តនាពេលកន្លងមក ព្រមទាំងមានការផ្ដល់នូវបរិក្ខាវេជ្ជសាស្ត្រមួយចំនួនធំ សម្រាប់ពង្រឹង ពង្រីកវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ៕