ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “និទ្ទេស A B C”នៅវិទ្យាល័យក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល ជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “និទ្ទេស A B C” ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ផងដែរ។
តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០–២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់ពាក្យប្រឡងមានចំនួន១,៣៥២នាក់ ស្រី ៧១០នាក់ ប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖
–និទ្ទេសA មានចំនួន២០នាក់ ស្រី០៩នាក់ ក្នុងនោះវិទ្យាល័យហ៊ុនសែនក្រុងចំនួន០៧នាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួន៣នាក់ វិទ្យាល័យជីវិត ចំនួន០៣នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ចំនួន០២នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន០២នាក់ វិទ្យាល័យសុវណ្ណភូមិចំនួន០២នាក់ និងវិទ្យាល័យស្ទឹងហាវចំនួន០១នាក់។
–និទ្ទេសB មានចំនួន៦៧នាក់ ស្រី៤៣នាក់។
–និទ្ទេសC មានចំនួន១៧០នាក់ ស្រី៩៩នាក់។
–និទ្ទេសD មានចំនួន៣៧២នាក់ ស្រី២០៩នាក់។
–និទ្ទេសE មានចំនួន៣៩៤នាក់ ស្រី២០២នាក់។
នាឱកាសនោះឯកឧត្តម សាយ សំអាល់ បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំ ទាំងបរិមាណ និងគុណភាព។ដូច្នេះនៅពេលខាងមុខសិស្សានុសិស្សទាំងអស់ ត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការចាប់យកមុខជំនាញ ដើម្បីបន្តការសិក្សា និងត្រឡប់មកបំរើការងារនៅខេត្តព្រះសីហនុយើងវិញ ព្រោះខេត្តព្រះសីហនុ ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច ត្រូវបានកំណត់ជាខេត្ត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្តទេសចរណ៍ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០–២០២១ និទ្ទេសA ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ៥០០ដុល្លា និទ្ទេសB ចំនួន ៦៧នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លា និងនិទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗថវិកា ១០០ដុល្លាផងដែរ៕