ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានស្រុកស្ទឹងត្រង់ បន្តយកចិត្តទុកដាក់ ដោះស្រាយការផ្តល់សេវា សំណូមពរ និងសេវាកាតព្វកិច្ច ជូនប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម
ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការការគណបក្សស្រុកស្ទឹងត្រង់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ បន្តកិច្ចខិតខំ យកចិត្តទុកដាក់ធ្វើការដោះស្រាយនូវការផ្តល់សេវា សំណូមពរ និងសេវាកាតព្វកិច្ច ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អញ្ជើញអានខ្លឹមសារ នៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូលរួមចែករំលែកបទពិសោធន៍ របស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជន ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ–សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។
ជាមួយគ្នានោះដែរឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ បានណែនាំដល់មន្ត្រីបក្សទាំងអស់ ត្រូវបើកវេទិកាសាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យបានដឹងថា ប្រជាពលរដ្ឋខ្វះខាត អ្វី និងត្រូវការអ្វី ហើយយើងត្រូវដោះស្រាយជូនគាត់ ។ លើសពីនោះ ត្រូវបន្តជំរុញនិងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ហើយត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ទន្ទឹមនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។ហើយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លើសពីនោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ ៕