ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ណែនាំដល់អាជ្ញាធរទាំងអស់ត្រូវពង្រឹង និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ភូមិ ឃុំ មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ
ខេត្តព្រៃវែង៖ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ។កិច្ចប្រជុំនេះមានកាលចូលរួមពីសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកំលាំងទាំងបី អាជ្ញាធរ ពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
របៀបវារៈ នៃអង្គប្រជុំ រួមមាន:
១–ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២–ពិនិត្យពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។
៣–ពិនិត្យ និងអនុម័ត លើគម្រោងចំណូល–ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង ការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣-២០២៥។
៤–ពិនិត្យ និងអនុម័ត លើការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣–២០២៥ និងគម្រោងចំណូល–ចំណាយថវិកាឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលខេត្ត។
៥–សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។
ក្រោយពីមានការលើកឡើងអំពីបញ្ហានានា របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ រួចមក ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមកនេះ។
ក្នុងនោះដែ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវខិតខំប្រឹង បំពេញនូវចំណុចខ្វះខាតរបស់ខ្លួនឲ្យបានល្អប្រសើរធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ។ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់អាជ្ញាធរទាំងអស់ត្រូវពង្រឹង និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ភូមិ ឃុំ មានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ៕