ពលរដ្ឋខ្មែរម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈចុះលាងដៃជើងក្នុងប្រឡាយទឹក ក្បែរផ្លូវជាតិក្នុងទឹកដីថៃ
(បន្ទាយមានជ័យ)៖ពលរដ្ឋខ្មែរម្នាក់ ចុះលាងដៃជើងក្នុងទឹកប្រឡាយក្បែរផ្លូវជាតិ ស្ថិតក្នុងភូមិថាប់សេរី ឃុំថាប់សេដិត ស្រុកតាប្រាយា ខេត្តស្រះកែវ ប្រទេសថៃ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអធម កាលពីវេលាម៉ោង០២ទាបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ សន ផល្លី ភេទប្រុស អាយុ ៦៩ឆ្នាំ នៅភូមិអូកំបុត្រ (ភូមិបឹងតាស្រី) ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធព្រមទាំងកូនបានធ្វើដំណើរត្រឡប់ មកពីប្រទេសថៃ ដើម្បីមកផ្ទះរបស់ខ្លួនវិញ ។ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបាន ចុះលាងដៃនិងលាងជើងនៅប្រឡាយទឹកក្បែរថ្នល់កៅស៊ូជិតបន្ទាយទាហានឈុតខ្មៅថៃក្បែរព្រំដែន ត្រូវចរន្តអគ្គីសនីឆ្លងឆក់ ដោយពុំបានឃើញមានខ្សែភ្លើងដាច់ធ្លាក់ចូលក្នុងទឹកប្រឡាយនោះឡើយ ។ ក្រោយពេលកើតហេតុ ប្រពន្ធកូននិងទាហានឈុតខ្មៅថៃ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា តែខាងក្រុមគ្រូពេទ្យបានញ្ជាក់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
នគរបាលបានបញ្ជាក់ថា៖សពជនរងគ្រោះ ត្រូវបានទាហានឈុតខ្មៅបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រករបៀង មហោស្រប ស្ថិតនៅក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕