អភិបាលខេត្តស្វាយរៀង ផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយស្រុកចន្ទ្រា ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ
ខេត្តស្វាយរៀង៖ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា ស្ថិតនៅបរិវេណសាលាស្រុកចន្ទ្រា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ ។ទន្ទឹមនេះ សម្រាប់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកចន្ទ្រា មកទទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីការិយាល័យនេះបានបើកឲ្យដំណើរការជាផ្លូវការនាពេលនេះ។
ឯកឧត្តមបានបន្តថា ដោយបច្ចុប្បន្នករណីជំងឺកូវីដ–១៩ នៅតែជាបញ្ហាប្រឈមនៅឡើយ ហើយការិយាល័យ ច្រកចេញតែមួយ ជាកន្លែងផ្ដល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចាត់ចែងរៀបចំឲ្យមានជែល ឬអាល់កុល និងម៉ាស សម្រាប់មន្ត្រីរាជការបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃ ពេលចេញចូលទទួលសេវានៅក្នុងការិយាល័យច្រកផងដែរ៕