បិទវគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រងនិងគ្រូពុទ្ធិកបឋមសិក្សា ទូទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយសាលាគណខេត្ត ទាំងពីរគណបានធ្វើការបើកវគ្គបណ្ដុះបណ្ដាល គណៈគ្រប់គ្រងនិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សាទូទាំងខេត្ត រយៈពេលបីថ្ងៃរួចមកនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីបិទវគ្គបណ្ដុះបណ្ដាល គណៈគ្រប់គ្រងនិងគ្រូពុទ្ធិកបឋមសិក្សា នៅបរិវេណវត្តប្រាសាទស្រះកណ្ដាល “ខ្ចាស់” ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង ពុទ្ធិកសិក្សាជាតិ លោកជំទាវឧកញ៉ា ហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានលើកឡើងថា ក្នុងការលើកកម្ពស់គុណភាពអប់រំ ឲ្យមានការរីកចម្រើននោះ មន្ទីរធម្មការនិងសាសនា សហការជាមួយសាលាគណខេត្តទាំងពីរគណៈ បានរៀបចំបើកវគ្គវិក្រឹតការគណៈគ្រប់គ្រងនិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀនដែលជាអ្នកផ្ដល់ការអប់រំដល់សមណៈសិស្ស សិស្សឱ្យកាន់តែមានចំណេះដឹង បំណិននិងសីលធម៌ ស្របតាមចតុស្ដម្ភទាំង៤ នៃការអប់រំគឺរៀន ដើម្បីមានចំណេះដឹង រៀនដើម្បីចំណេះធ្វើរៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា។ក្នុងនាមថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនា ក៏ដូចជាព្រះមន្ត្រីសង្ឃខេត្តទាំង ២ គណៈ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អគ្គមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលមានទឹកចិត្តសទ្ធាជ្រះថ្លា ចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ដោយសរុបជាថវិកាចំនួន ៣,៩០០៧ ដុល្លាសហរដ្ឋអាមេរិច។
សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះអង្គបានមានសង្ឃដីកាថា បើគ្មានពុទ្ធិកសិក្សានោះទេព្រះសង្ឃ គឺឋិតក្នុងភាពល្ងង់ខ្លៅជាក់ជាពុំខាន តែបើមានពុទ្ធិកសិក្សានោះព្រះសង្ឃនិងមានចំណេះដឹងមានគុណធម៌សីលធម៌ខ្ពស់ ពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនានៃយើង ហើយអ្នកសិក្សារៀនសូត្រតែងចាត់ទុកខ្លួនឯងគឺមិនស្លាប់មិនចាស់។ សម្ដេចមានសង្ឃដីកាបន្តថា អ្វីដែលយើងសម្រេចបានពេលនេះគឺជាដំណាក់កាល នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ពិសេសឈរលើមូលដ្ឋានគោលនយោបាយរបស់ក្រសួងធម្មការនិងសាសនា។ ដើម្បីបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ពុទ្ធិកសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាល សមណសិស្ស សិស្ស សមណនិស្សិត និស្សិតដែលត្រូវបានបែងចែកកម្រិតថ្នាក់ មានចាប់ពីសាលាធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា៕