ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ អនុញ្ញាត្តិឲ្យក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ.១៩ កន្លងទៅនោះ ចូលរួមធ្វើពិធីបង្សុកូល នៅទីកន្លែងបូជាសព នៅភ្នំបាក់
ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីដង្ហែនូវបដិមាដែលប្រសិទ្ធនាមថា“ពុទ្ធរូបមានជ័យបារមីតេជ:ឈ្នះ កូវីដ–១៩” ពីទីសិប្បកម្មចម្លាក់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ មកតម្កល់នៅទីតាំងព្រះពុទ្ធរូប មានខឿន និងបល្ល័ង្គកម្ពស់សរុប៩,៧ ម៉ែត្រ នៅទីឈាបនដ្ឋានបូជាសពបញ្ចុះសព អ្នកជំងឺកូវីដ–១៩ ខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាត្តិឲ្យក្រុមគ្រួសារ នៃអ្នកស្លាប់ដោយសារជំងឺកូវីដ.១៩កន្លងទៅ ជាច្រើនរយនាក់ ចូលរួមធ្វើពិធីបង្សុកូលនៅទីកន្លែងបូជាសព។
លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធាន អនុកម្មកាបូជាសពកូវីដ.១៩ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ.១៩ ចាប់ពីថ្ងៃកើតជំងឺកូវីដ.១៩ រហូតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ចំនួន៣៦៦នាក់ ស្រី២០៦នាក់ ជនជាតិខ្មែរមានចំនួន ៣៥៩នាក់ ស្រី២០៣នាក់ ជនជាតិឥណ្ឌូនេស៊ី៣នាក់ ស្រី១នាក់ ជនជាតិថៃមានចំនួន៤នាក់ ស្រី២នាក់ ក្នុងនោះពលករ១០នាក់ ស្រី៨នាក់។អ្នកស្លាប់ទាំងអស់ត្រូវបានលោកអាចារ្យខេត្ត ធ្វើការបូជារួចរាល់អស់ ហើយសពអ្នកកើតជំងឺកូវីដ.១៩ ឯកឧត្តអភិបាលខេត្តបានអនុញ្ញាតឲ្យរៀបចំបូជាសព ទៅតាមលក្ខណៈបច្ចេកទេស នៃការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី ក្នុងនោះក៏បាននិមន្តលោកសង្ឃធ្វើការសូត្រមន្ត បង្សុកូលផងដែរ។
លោកអោម ចន្ថា បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានមណ្ឌលសំរាប់ព្យាបាលអ្នកកើតជំងឺកូវីដ.១៩ ធំ៣កន្លែងរួមមាន៖ទី១–មានទីតាំងក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី២ហិចតា ក្នុងនោះផ្ទៃអគារ១,២ ហិចតា ដែលអាចដាក់ ចំណុះអ្នកជំងឺបានចំនួន ៣.០០០ នាក់ និង ទី២-នៅគម្រោងផ្សារអ៊ឹង វណ្ណ ម៉ៅ ចម្ការតាដោក នៅភូមិចម្ការ តា ដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលអាចដាក់ចំណុះអ្នកជំងឺបាន ចំនួន៣.០០០ នាក់ដែរ និង៣កំពុងតែធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះក្រុមគ្រួសារសពកូវីដ.១៩ទាំងអស់គ្នា បានសម្តែងនូវមនោសញ្ចេតនា រំជើបរំជួលចិត្តក្រៃលែង ចំពោះឯកឧត្តម អ៊ុំ រាត្រី ដែលបានយកចិត្តទុកដាក់ ឲ្យក្រុមការងារផ្តើមកសាងចេតិយ៍ធំ១ ដើម្បីឧទ្ទិជូនដល់អ្នកស្លាប់ ដោយជំងឺកូវីដ.១៩ សម្រាប់តម្កល់អដ្ឋិធាតុដែល មរណៈភាពដោយជំងឺកូវីដ.១៩ រួមគ្នាសំរាប់ឲ្យក្រុមគ្រួសារនៃសពកើតជំងឺកូវីដ.១៩ មកធ្វើបុណ្យនៅទីនេះឲ្យបានគ្រប់ៗគ្នា៕