ស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅខណ្ឌសែនសុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
(ភ្នំពេញ)៖បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្តបុករថយន្តសណ្ដោងទូកុងតឺន័រ ដែលចតនៅចិញ្ចើមផ្លូវពីក្រោយ រងការខូចខាតតិចតួច រួចបន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់មួយកង់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចភ្លើងស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកSSANGYONG REXTON ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-3959 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង រួចបានបុករថយន្តកុងតឺន័រដែលចតលើចំណីផ្លូវ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច និងបានដេកលង់លក់យ៉ាងស្រួល ។ចំណែកភាគីរថយន្តកុងតឺន័រឃើញមិនមានការខូចខាតអ្វីច្រើនក៏មិនទាមទារសំណងនោះដែរ រួចបានបើករថយន្តបន្តដំណើរទៅមុខបាត់ទៅ។
ដោយឃើញដូច្នោះប្រជាពលរដ្ឋបានដាស់តៃកុងរថយន្តបង្កខាងលើឲ្យភ្ញាក់ឡើង រួចក៏បានបើករថយន្តបង្កបន្តដំណើរទៅមុខទៀត ខណៈមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាងោកមួយភាំងហើយទើបបណ្តាលឱ្យរថយន្តរេចង្កូតទៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយកង់ រីឯរថយន្តបង្ករងការខូចខាតខាងមុខផ្នែកខាងឆ្វេង និងដាច់កង់ទៅមុខលែងរួច។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែងរួចយករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕