ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ កំពុងបើកឲ្យលេងយ៉ាងគគ្រឹកគគ្រេងនៅស្រុកទ្រាំង សង្ស័យជាប្រភពចំណូលរបស់អាជ្ញាធរមូលដ្ឋានហើយមើលទៅ បានជាគ្មានចំណាត់ការ ទោះខលរាយការណ៍ប្រាប់យ៉ាណាក្តី
ខេត្តតាកែវ៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ចំនួន២ ទីតាំងជាប់ផ្ទះគ្នា ស្ថិតនៅក្នុងភូមិគរ ឃុំខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង មិនឃើញមានអាជ្ញាធរ ពិសេសកម្លាំងអធិការនគរបាលស្រុកទ្រាំង ចុះបង្ក្រាបឡើយ សង្ស័យជាប្រភពចំណូលរបស់ពួកគាត់ហើយមើលទៅ បានជាគ្មានចំណាត់ការ បែបនេះ ។
ពាក់ព័ន្ធករណីខាងលើនេះកាលពីចុងសប្តាហ៍ ពោលគឺកាលពីថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារយើងបានខលរាយការណ៍ជូនលោកនាយប៉ុស្តិ៍អង្គខ្នុរ តែលោកឲ្យខលទៅសួរលោកអធិការ ស្រុកទ្រាំង ។ដោយឡែក លោកវរសេនីយ៍ឯក ឃុត ភិន អធិការ នគរបាលស្រុកទ្រាំង ប្រាប់តាមទូរស័ព្ទថា «ដឹងហើយ»។ តែរហូតមកដល់ថ្ងៃទី០៥ ខែកញ្ញា នេះ ទីតាំងខាងលើនៅតែបើកឲ្យលេងយ៉ាងរលូនដដែល ។
គួរម្លឹងផងដែរថា ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តម្តងៗតែងតែក្រើនរំលឹកអំពីគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្ត ក៏ប៉ុន្តែតែនៅក្នុងទឹកដីស្រុកទ្រាំង ខេត្តតាកែវមួយនេះ បែជាបើកឲ្យលេងល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេងមិនមានការបង្ក្រាបបែនេះ ។ព្រោះថា មានល្បែងស៊ីសង នៅមូលដ្ឋានតែងតែមាននូវអំពើផ្សេងៗដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ បង្កជាអសន្តិសុខក្នុងសង្គម គ្រូសារខ្លះបែកបាក់ ព្រាត់ប្រាស់គ្នា លក់អស់ទ្រព្យសម្បត្តិដីធ្លី ជំពាក់បំណុលគេជុំទិសជាដើម ។ដូច្នេះស្នើឲ្យស្នងការនគរបាលខេត្តតាកែវ មានវិធានការទប់ស្កាត់ផងទាន!! ដើម្បីឲ្យពលរដ្ឋរស់នៅដោយសុខសាន្ត មិនមានភាពភ័យខ្លាច។
ពាក់ព័ន្ធទៅនឹងការបើកឲ្យលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងខាងលើនេះដែរ បើយោងតាមច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា ១ ត្រូវហាមឃាត់ជាដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ,ជំពូក៣ មាត្រា ៤ ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យ ជាប្រាក់ឬ ដាក់គុក។ក្នុងជំពូកដដែរ មាត្រា១ ១ ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំ ដល់៥ឆ្នាំទៀតផង៕ ដោយ ៖ លោក ផូង បញ្ញា