ពិធីបិទវគ្គនៃការបំបួស កុលបុត្រកុលធីដា សីលវ័ន សីលវន្តី សរុបចំនួន ៣០០អង្គ/នាក់ នៅក្នុងវត្តជ្រាប់ចាស់
(បន្ទាយមានជ័យ)៖នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គនៃការបំបួស កុលបុត្រកុលធីដា សីលវ័ន សីលវន្តី សរុបចំនួន ៣០០អង្គ/នាក់ មកពីទីជិតឆ្ងាយ។ពិធីនេះ បានធ្វើឡើងនៅវត្តសុវណ្ណបុព្វតាវនារាម “ជ្រាប់ចាស់” ស្ថិតនៅក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ តាមមាគ៌ាព្រះពុទ្ធសាសនានៃយើង។
ព្រះគ្រូ ឈានរតោ ឆំ ឈៀត ព្រះចៅអធិការវត្ត ជ្រាប់ ចាស់ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា អស់រយៈពេល ៧យប់ ៧ថ្ងៃកន្លងមក ដែលកុលបុត្រកុលធីតាខ្មែរ បានប្រត្តិប័ត្រ តាមមាគ៌ានៃព្រះពុទ្ធសាសនាគឺក្នុងការចំណាយអស់ថវិកាជាច្រើន ដែលថវិកាទាំងអស់នេះបានមកពីប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។
ព្រះឧត្តម សីលញាណ ធុល សុធា ព្រះមេគណខេត្តនិងលោក ឃ្លោក នួយ អភិបាលរងខេត្តបានមានសង្ឃដីកានិងប្រសាសន៍ថា ការចេញចាកផ្ទះចូលកាន់ផ្នួសជាបព្វជិត (ភេទជាអ្នកបួស) នៅក្នុងព្រះពុទ្ធសាសនាគឺអាស្រ័យលើសទ្ធា ឆន្ទៈនិងបញ្ញា ក្នុងការប្រតិបត្តិតាមការប្រៀនប្រដៅរបស់ពុទ្ធជាម្ចាស់ មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យជាឧបនិស្ស័យដ៏ប្រពៃដ៏ខ្ពង់ខ្ពស់ឈានទៅរកខ្លឹមសារ នៃការបួស។ បព្វជ្ជា គឺការបួសនេះមានន័យថា ការវៀរចាកនូវបាបអកុសលផ្សេងៗដោយទូទៅ។ហើយសារៈសំខាន់នៃការបួស គឺស្ថិតនៅត្រង់ការអប់រំសិក្សារៀនសូត្រដែលភាសាព្រះពុទ្ធសាសនាហៅថា សិក្ខា។
ប្រទេសខ្មែរយើងជាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូច្នេះតាំងពីដើមមកខ្មែរយើងបានឃើញប្រយោជន៍ ទើបគិតថា បើមិនអាចបួសបានរហូតទេក៏ដោយចុះ គឺគ្រាន់តែបួស ២–៣ ព្រះវស្សា ក៏ជាប្រយោជន៍ដែរ ដើម្បីបានឱកាសដុសខាត់ចិត្ត ឱ្យជីវិតដឹងខុសត្រូវក្នុងសង្គមគ្រួសារនិង សង្គមជាតិ និងបានជាឧបនិស្ស័យក្នុងពេលអនាគតជាតិផងដែរ។
លោកអភិបាលរងខេត្តបន្តថា ការបួសមានគោលបំណង ៣ យ៉ាងគឺ ចង់ជួយពុទ្ធសាសនាដោយការថែរក្សាព្រះធម៌វិន័យ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ឱ្យគង់វង្សយូរអង្វែង ហើយការបួសគឺជាការតបស្នងដល់គុណមាតាបិតា បានបុណ្យបានកុសលច្រើន សរុបមកការបួសនេះក៏ជាទីកតញ្ញូកតវេទិតាធម៌របស់បុត្រធីតា ពោលគឺតបស្នងសងគុណដល់អ្នកមានគុណ។ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតី ក៏បាននិមន្តអញ្ជើញកាត់ខ្សែបូលសម្ពោធឆ្លង ព្រះបរិនិព្វាន ១ព្រះអង្គស្ថិតក្នុងបរិវេណវត្ត ជ្រាប់ចាស់ នេះផងដែរ ៕