ឪពុកចុងល្មោភកាម រំលោភកូនស្រីជាច្រើនដង និងគម្រាមសម្លាប់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជយ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យដែលជាឪពុកចុង រំលោភកូនស្រីជាច្រើនដង និងគម្រាមសម្លាប់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។
លោកវរសេនីយ៍ឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យជាឪពុកចុងមានឈ្មោះ ខាន់ សាវុធ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ។ចំណែកកូនស្រី ឈ្មោះ សវសអ អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
លោកអធិការ បន្តថា៖នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៀត ដែលបួសនៅវត្តភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ នៅពេលត្រឡប់មកវិញ យប់ងងឹតហើយនាំគ្នាសុំផ្ទះរបស់ឈ្មោះប៉ុច ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ស្នាក់នៅមួយយប់ ។នៅយប់នោះក្រោយពីហូបបាយពេលល្ងាចរួច ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃដដែល ជាឱកាសល្អ ជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ ក៏កើតរឿងប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បាននិយាយប្រាប់ ម្តាយក្មេងស្រីរងគ្រោះ ដែលជាប្រពន្ធរបស់ខ្លួនថា គេស្រឡាញ់កូនស្រីចុងនេះ រយៈពេល០២ឆ្នាំហើយ និងបានរួមរក្សជាច្រើនដងតាំងពីឆ្នាំ២០១៩មកម្លេះ ។ពេលលឺដូច្នោះ ម្តាយក្មេងរងគ្រោះ ក៏បានដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុត្តសត និងឃាត់ខ្លួនជនសង្ស័យមកសួរនាំ ។
លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនពិតប្រាកដមែន តាំងពីឆ្នាំ២០១៩ ជាច្រើនដង បន្ទាប់មកដោយខ្លាចនាងនិយាយរឿងខ្លួនបានរំលោភប្រាប់ម្តាយឬអ្នកជិតខាងនោះ ខ្លួនបានគម្រាមថា បើហ៊ាននិយាយខ្លួន និងសម្លាប់ចោលទាំងអស់ ។
ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺថា ឪពុកចុងនាងបានចាប់នាងរំលោភរយៈពេល០២ឆ្នាំហើយ ពេលធ្វើសកម្មភាពម្តងៗតែងតែគម្រាមនាងមិនឲ្យនិយាយប្រាប់នរណា ឬម្តាយរបស់នាងឡើយ បើមិនដូច្នោះទេគាត់នឹងសម្លាប់ចោលទាំងអស់គ្នា ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់បន្ថែមថា៖ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ការបំភ្លឺពីក្មេងរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕