សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញចុះយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ
ខេត្តប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន និងមានការចូលរួមសហការពី មន្ត្រីនគរបាលចរាចរណ៍ មន្រ្តីនៃមន្ទីរសាធារណៈការ ចុះធ្វើការអប់រំផ្សព្វផ្សាយយុទ្ធនាការស្តីពី ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងបងប្អូន ដែលចូលមកដុតធូបបួងសួងសុំសេចក្តីសុខ ចំរើន នៅមុខអាស្រមលោកយាយយ៉ាត ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមលោកជំទាវស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមជាមួយមន្ត្រីសុវត្ថិភាពចរាចរណ៍ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក បានបើកយុទ្ធនាការនេះឡើង ដើម្បីជាការក្រើនរម្លឹក និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមលើកកម្ពស់និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។
លោកជំទាវក៏បានថ្លែងបន្តថា៖ ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាផងដែរ ប៉ុន្តែបញ្ហានេះ យើងអាចចូលរួមទប់ស្កាត់កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ ដូចនេះភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ដែរថា៖ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ថែមទៀតផង ៕