ប្រកាសតែងតាំង គណៈកិត្តិយសនិងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ប្ដេជ្ញាដោះស្រាយរាល់សំណូមពរនិងទុក្ខលំបាក របស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង ខិតខំស្វែងរកការជួយឧបត្ថម្ភ ដោះស្រាយគ្រប់បញ្ហាពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។ការប្ដេជ្ញាចិត្តរបស់លោក គាត ហ៊ុល ប្រធានអនុសាខាកាកបាទក្រហមក្រុងប៉ោយប៉ែត បែបនេះក្នុងពិធីប្រកាសជាផ្លូវការតែងតាំងគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងប៉ោយប៉ែត នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។
លោក សាន ឃិត ប្រធាន ប្រតិ្តបត្ត័សាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា យោងលិខិតលេខ ០៦៩ កប្រក.រប ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សំណើរសុំសេចក្ដីសម្រេចទទួលស្គាល់ប្រធាន អនុប្រធាន សមាជិកគណៈកិត្តិយសនិងគណៈកម្មាធិការអនុសាខា យោងតម្រូវការចាំបាច់របស់សាខាកាកបាទក្រហមកម្ពុជា បានសម្រេចគណៈកិត្តិយស ៣០ អង្គ/នាក់ គណៈកម្មាធិការចំនួន ១៣ នាក់។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ពិធីប្រកាសសមាសភាពជូនដល់ព្រះតេជគុណ អស់លោក លោកស្រី នាថ្ងៃនេះគឺសំដៅលើការលើកកម្ពស់ ស្មារតីសាមគ្គីភាពលើវិស័យមនុស្សធម៌ ហើយនិងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់កាកបាទក្រហមកម្ពុជា ហើយសង្ឃឹមជឿជាក់ថា ព្រះតេជគុណគ្រប់ព្រះអង្គ អស់លោក លោកស្រី និងខិតខំស្វែងរកការជួយឧបត្ថម្ភទាំងសម្ភារៈថវិកា ដើម្បីបន្តដោះស្រាយ គ្រប់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ កុមារកំព្រា គ្មានទីពឹង ងាយរងគ្រោះដូចជា ទឹកជំនន់ រាំងស្ងួត និងរងគ្រោះមហន្តរាយធម្មជាតិ។ដូចនេះក្នុងនាមកាកបាទក្រហម គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ធ្វើការងារមនុស្សធម៌ប្រកបដោយទឹកចិត្ត អាណិតអាសូរ សណ្ដោសប្រណី និងគ្មានការរើសអើងឡើយ ធ្វើឲ្យប្រជាពលរដ្ឋជួបការខ្វះខាតនិងរងគ្រោះជាយថាហេតុផ្សេងៗ មានស្បៀងអាហារហូបចុក សម្ភារៈប្រើប្រាស់ជួយសម្រាលទុក្ខលំបាក ផ្នែកជីវភាពប្រចាំថ្ងៃផងដែរ។ ដើម្បីបានជាស្បៀងទំនុកបម្រុងផងនោះ ព្រះតេជគុណគ្រប់ព្រះអង្គ ដែលជាសមាជិកគណៈកិត្តិយស បានផ្ដល់ជាអង្ករសរុបចំនួន ៥៨០០ គីឡូក្រាម ព្រមទាំងសម្ភារៈថវិកាមួយចំនួន៕