សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន បើកវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន
(ប៉ៃលិន)៖សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មការកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាអភិបាលខេត្តប៉ៃលិន ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំធំ មន្ទីរកិច្ចការនារី ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ។
ក្នុងវគ្គបំប៉ននោះ លោក ជំទាវ បាន ស្រីមុំ បានធ្វើការកោដសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានសហការជាមួយ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្នុងការបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីថ្នាក់ដឹកនាំ ដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធ និងវឌ្ឍនភាពការងារនិងស្វែងយល់ពីចរិកលក្ខណៈដែលមាន សក្ដានុពល ក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទី និងភារកិច្ចដែលបានកំណត់ដោយច្បាប់ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ។
ក្នុងនោះលោកជំទាវ អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវសិក្សាស្វែងយល់ពីរគ្រូឧទេ្ទស ដើម្បីត្រូវហ៊ានសួរនូវចម្ងល់ឬចំណុចណាមួយ ដែលយើងមិនទាន់ច្បាស់ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានផុសផុល ដើម្បីចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹងវិសហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ ដោយបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយជាតិ បានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពសំដៅលើកកម្ពស់សមភាពយេនឌ័រ លើកស្ទួយស្ថានភាពស្ត្រី ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ចុងបញ្ចប់លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើដល់ស្រ្តីជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តប៉ៃលិន ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នឹងត្រូវខិតខំធ្វើការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាព របស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត ជាពិសេស គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើប្រជាពលរដ្ឋឲ្យល្អ៕