ប្រជាពលរដ្ឋត្រេកអរបានស្ពានថ្មថ្មីឆ្លងកាត់ ជាអំណោយសប្បុរសជន
ខេត្តបន្ទាយមានជ័យ៖ក្រោមការផ្ដួចផ្ដើមរបស់ ភិក្ខុ បញ្ញា ធរោ លន់គឹម សាន ព្រះគ្រូចៅអធិការវត្ត អម្ពិល ពោប្រាក់ ព្រះអង្គបានផ្ដើមធ្វើការបិណ្ឌបាតដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេស កសាងបានស្ពានថ្មមួយខ្សែឆ្លងស្ទឹងប្រវែង៥៣ ម៉ែត្រ មានភាពរឹងមាំល្អ ដោយស្ពានថ្មនេះជំនួសដោយស្ពានយោលខ្សែកាប ដោយមានការលំបាកឆ្លងកាត់។
គួររំលឹកថា ស្ពានភ្ជាប់និស្ស័យដែលជាស្នាដៃរបស់ ភិក្ខុ បញ្ញា ធរោ លន់គឹម សាន រួមទាំងញាតិញោមអាចារ្យគណៈកម្មការប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសលោកឧកញ៉ា ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជាអ្នកឧបត្ថម្ភសទ្ធាជ្រះថ្លា ធ្វើឱ្យស្ពានមួយខ្សែនេះបានកសាងតែរយៈពេលជាង៥ ខែប៉ុណ្ណោះ គឺបានរួចរាល់ 100% ហើយនិងកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នសិនពុំទាន់បានធ្វើពិធីបុណ្យឆ្លងនៅឡើយ ។ស្ពានមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ ពីភូមិអំពិលខាងកើត ឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប មកឃុំ ប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ គឺហៅថា ស្ពានភ្ជាប់និស្ស័យ។
តំណាងអាជ្ញាធរ ឃុំ អាចារ្យគណៈកម្មការនិងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំដែងនូវអំណរសាទរនិងអរគុណចំពោះសប្បុរសជននានា……..? ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលិញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ ។ព្រះតេជគុណ លន់ គឹមសាន ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា ស្ពានភ្ជាប់និស្ស័យដែលជាស្ពានមានសារៈសំខាន់ចំពោះបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់អាស្រ័យផលដឹកកសិផល សិស្សសាលាឆ្លងកាត់ពីខេត្តបន្ទាយមានជ័យឆ្លងមកខេត្តសៀមរាបទៅវិញទៅមក ដោយស្ពានឆ្លងស្ទឹងមួយខ្សែនេះមានការចូលរួមឧបត្ថម្ភធំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងលោកជំទាវ ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប ឯកឧត្តម គោ សុំសារឿត អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និងសប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេស៕