ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី២ ចុះកម្មសិក្សា
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កម្មសិក្សាការី ជាសិស្សនាយនគរបាល និង នាយនគរបាលរង មានចំនួន២១៨នាក់ ក្នុងនោះ ស្រី១៥នាក់ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២០ បានចាប់ផ្តើមចូលរៀន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ មកពីភូមិភាគ១ ខេត្តស្ទឹងត្រែង ភូមិភាគ៤ ខេត្តសៀមរាប ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។ ការចុះកម្មសិក្សានេះគឺមានរយះពេល៦សប្តាហ៍ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានមានប្រសាសន៍ថា ការចុះកម្មសិក្ដសរបស់ប្អូនៗ ក្មួយៗនាពេលនេះ គឺដើម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្ដី ជាមួយនឹងការអនុវត្តការងារជាក់ស្ដែង និងអនុវត្តតាមកម្មវិធីអប់រំ បណ្ឌិត្យសភាបានតម្រូវឱ្យសិស្សនគរបាល ចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមី នីមួយៗ ដើម្បីសិក្សាស្វែងយល់ពីចំណេះ ជំនាញ របៀបរបធ្វើការងារប្រចាំថ្ងៃរបស់នគរបាលជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំរៀនសូត្រ យកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណភាព ហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សី សូមកុំធ្វើជាទំពាំងស្អុយ៕