អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុយិភូមិ និទ្ទេសA,B,C,D,E នាសម័យប្រឡង ២៧ ធ្នូ ២០២១
ប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០៤ ខែកុម្ភ:ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស A,B,C,D,Eនៅក្នុងបរិវេណសាលាខេត្តប៉ៃលិន។
ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក–លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ប្រមាណ៤០០នាក់។
នាឱកាសនោះលោកជំទាវ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ទាំងពីរក្នុងខេត្តប៉ៃលិន ដែលបានខិតខំយកចិត្តទុកដាក់បង្រៀន ដល់សិស្សានុសិស្សរបស់ខ្លួន ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ដល់ទៅ ៦នាក់ដែលជាចំនួនមួយជាប្រវត្តិសាស្ត្រសម្រាប់ ខេត្តប៉ៃលិន។
ក្នុងនោះលោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំសុខសន្តិភាពជូនប្រជាជាតិ និងបានលើកស្ទួយវិស័យអប់រំ អោយមានការរីកចម្រើនប្រកបដោយគុណភាពខ្ពស់ ។
ទន្ទឹមនោះលោកជំទាវផ្ទាល់ ក៏បានផ្តាំផ្ញើដល់ក្មួយៗ ជាសិស្ស ដែលទទួលបានរង្វាន់ នាពេលនេះ សូមយកចិត្តទុកដាក់រៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួនមានភាពភ្លឺស្វាង ។ម្យ៉ាងវិញទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពគំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ គេចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទាំងឡាយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន អាចនាំឲ្យខូចអនាគតក្នុងការ សិក្សា ។
យោងតាមស្ថិតិលោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រ័ទុតិយភូមិ នៅក្នុងឆ្នាំ២០២១នេះ គឺមានបេក្ខជនប្រឡងទូទាំងខេត្តប៉ៃលិន សរុបចំនួន៤៩៥នាក់ ស្រី ២៧០នាក់ មណ្ឌលប្រឡងមានចំនួន០២មណ្ឌល និងមាន២១បន្ទប់ ។ជាលទ្ធផលបេក្ខជនប្រឡងជាប់ មានចំនួន ៣២៥នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះមាននិទ្ទេស A ៦នាក់, និទ្ទេស B ៦នាក់, និទ្ទេស C ៣៥នាក់, និទ្ទេស D ១២០នាក់ និងនិទ្ទេស E ១០៥នាក់៕